ឡើង​តែ​មួយ​វឹប Ajax កើប​លុយ​បាន​ជាង ៣០០ លាន ពី​ការ​លក់​ចេញ​កីឡាករ ៤ រូប

ចាប់​តាំង​ពី​រដូវ​កាល ២០១៨/១៩ រៀង​មក ដែល​ជា​សម័យកាល​មាស​របស់​ក្លឹប​ Ajax នៅ​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ចុង​ក្រោយ ក៏​នាំ​ឲ្យ​ក្លឹប​ចាប់ផ្ដើម​បង្កើន​ចំណូល​ជា​ហូហែរ​តាម​រយៈ​ការ​លក់​ចេញ​កីឡាករ​ជា​បន្តបន្ទាប់។ ចាំ​បាន​ឆ្នាំ​នោះ ក្លឹប​ហូឡង់ ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League ហើយ​បាន​ឈ្នះ​ជើង​ឯក​ពាន​ Eredivisie និង KNVB Cup។

ក្រោយ​បិទ​រដូវ​កាល Ajax សារ​នោះ លក់​កីឡាករ​បាន​លុយ​ជាង ២០០ លាន នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ហើយ​បើ​រាប់​ត្រួសៗ​អំពី​ចំណូល​លើ​ការ​ផ្ទេរ​ចេញ​កីឡាករ នៅ ៤ រដូវ​កាល​ចុង​ក្រោយ ពួក​គេ​ប្រមូល​លុយ​បាន​ជាង​កន្លះ​ពាន់​លានអឺរ៉ូ ដែល​ជា​ចំណែក​អ្នក​ទាំង ៤ រូប​ធំៗ​ដូច​ខាង​ក្រោម៖

៤) Frenkie de Jong

បន្ទាប់​ពី​រីករាយ​នូវ​ការ​បិទ​រដូវ​កាល ២០១៨/១៩ រំលង​ចូល​ដល់​ខែ​កក្កដា ក្លឹប​ក៏​បង្កើត​កំណត់ត្រា​ថ្មី​នោះ​គឺ​ការ​ផ្ទេរ​ចេញ​កីឡាករ​ថ្លៃ​បំផុត​ពី​លីគ Eredivisie ពោល​ជា​ការ​លក់ Frenkie de Jong ឲ្យ​ទៅ​ក្លឹប Barcelona។

វត្តមាន​ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់ នៅ​ទឹកដី Camp Nou នាំ​ឲ្យ Ajax កើប​ប្រាក់​ចូល​ហោប៉ៅ​បាន ៨៦ លាន​អឺរ៉ូ ហើយ​កីឡាករ​ក៏​កំពុង​បន្ត​ឈរ​ជើង​នៅ​ទី​នោះ ទល់​សព្វថ្ងៃ។ វា​រាប់​បាន​ជា​សន្ទុះ​នៃ​ការ​កើន​ឡើង​តម្លៃ​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដ្បិត​អី De Jong ពេល​នោះ ស្ថិត​នៅ​វ័យ​ទើប​តែ ២២ ឆ្នាំ ហើយ​បង្ហាញ​ខ្លួន​ឲ្យ Ajax មិន​ទាន់​បាន ១០០ ប្រកួត​ផង។

៣) Matthijs de Ligt

តាម​ពិត​ទៅ កីឡាករ​រួម​សញ្ជាតិ​របស់ De Jong ក៏​ប្រុង​នឹង​ផ្ទេរ​ទៅ Barcelona ផង​ដែរ តែ​ដោយសារ​ឥទ្ធិពល Cristiano Ronaldo ក៏​នាំ​ឲ្យ​ខ្សែ​ការពារ​កម្ពស់​បាន​រូប​នេះ ជ្រើស​ការ​ផ្ទេរ​ទៅ​ក្លឹប Juventus វិញ។

ជាមួយ​ការ​ផ្លាស់​ទៅ​ទ្រនំ​ថ្មី នៅ​ឯ​ទឹកដី​អ៊ីតាលី នា​ថ្ងៃ​ទី ១៩ កក្កដា De Ligt បាន​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ពេល​នោះ ដល់​ទៅ ៨៥,៥ លាន​អឺរ៉ូ តែ​ក្រោយ​​ប៉ុន្មាន​ថ្ងៃ Man Utd ក៏​សាង​កំណត់ត្រា​ថ្មី តាម​រយៈ​ការ​នាំ​យក Harry Maguire ពី Leicester នៅ​តម្លៃ​ខ្ពស់​ជាង​នោះ ១,៥ លាន​អឺរ៉ូ ហើយ​ទាញ​ឲ្យ De Ligt ធ្លាក់​មក​ឈរ​លេខ ២។

២) Lisandro Martinez

ឆ្លង​មក​ដល់​រដូវ​កាល​ថ្មី ២០២២/២៣ Ajax ក៏​បាន​បង្កើន​ចំណូល​មួយ​ខ្ទាស់​ធំ​ទៀត បន្ទាប់​ពី​លោក Erik ten Hag ដើរ​ចេញ​ពី​តំណែង​អ្នកចាត់ការ ហើយ​ផ្លាស់​មក​ដឹកនាំ​ក្លឹប​បិសាច​ក្រហម Man Utd។ វត្តមាន​គ្រូ​សញ្ជាតិ​ហូឡង់ ក៏​បាន​អូសទាញ​យក​បាន​អតីត​កូន​ក្រុម Ajax យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។

ដូច​ការ​នាំ​យក Lisandro Martinez កំពុង​ក្លាយ​ជា​តារា​រះ​នៅ Premier League ពេល​ចុង​ក្រោយ គេ​បាន​នាំ​ចំណូល​ឲ្យ Ajax ជាង ៥៧ លាន​អឺរ៉ូ ដែល​នេះ​ជា​ការ​ផ្ទេរ​ចេញ​ខ្សែ​ការពារ​ថ្លៃ​បំផុត​លំដាប់​ទី​ពីរ​របស់​លីគ​កំពូល​ហូឡង់ បន្ទាប់​ពី​កំណត់ត្រា De Ligt។

១) Antony

ស្ថិត​នៅ​វ័យ​ទើប​តែ ២២ ឆ្នាំ ហើយ​រក​បាន​ត្រឹម ១២ គ្រាប់​កាល​ពី​រដូវ​កាល​មុន តែ Antony អាច​សាង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ប្រចាំ​លីគ Eredivisie ជាមួយ​តម្លៃ​ ៩៥ លាន​អឺរ៉ូ។ និយាយ​អំពី​ផល​ចំណេញ ជាមួយ​កីឡាករ​ប្រេស៊ីល Ajax បាន​លុយ​គុណ ១ ទ្វេ ៦ ធៀប​នឹង​តម្លៃ​ដើម ចាយ​ឲ្យ Sau Paulo កាល​ពី​ឆ្នាំ ២០២០។ នេះ​សរុប​មក ខ្ទង់​ចំណូល​ទទួល​បាន​ពី​កីឡាករ​ទាំង ៤ គឺ​ឈាន​ដល់​ជិត ៣២៥ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT