Lampard បុកពោះ​ហើយ ក្រោយ​ឃើញ​អ្នកចាត់ការ ៦ រូប អស់​តំណែង​ដោយសារ​ស្នាដៃ Klopp

​ក្រោយ​ចាញ់ Man Utd ២-១ ក្លឹប Liverpool ក៏​បាន​ជះ​កំហឹង​ទៅ​លើ Bournemouth ជា​គូ​ប្រកួត​នៅ​ជុំ​ទី ៤ ដែល​ក្លឹប​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​យក​ឈ្នះ​មិន​ទុក​មុខ ក្រោម​លទ្ធផល ៩-០។ វា​ជា​កំណត់ត្រា​ស៊ី​ដាច់ ច្រើន​គ្រាប់​បំផុត​នៅ Premier League ដែល​នេះ ពួក​គេ​ក៏​បាន​ឈោង​ស្មើ​កំណត់ត្រា​បិសាច​ក្រហម ធ្លាប់​យក​ឈ្នះ ៩-០ ដល់​ទៅ ២ លើក​លើ Ipswich Town និង Southampton។

ក្រោយ​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ ​ថ្នាក់​ដឹកនាំ​ក្លឹប Bournemouth ក៏​សម្រេច​ដក​តំណែង​អ្នកចាត់ការ​លោក Scott Parker បន្ទាប់​ពី​ស្ថានភាព​ក្រុម ធ្លាក់​ទៅ​កាន់​ហានិភ័យ​អាច​ខ្ទាត​ចេញ​ពី Premier League។ ផ្សារភ្ជាប់​នឹង​រឿង​នេះ​ដែរ CTS SPORT សូម​ធ្វើ​ការ​រំឭក​ជោគ​វាសនា​អ្នកចាត់ការ ៦ រូប ដែល​ត្រូវ​ផ្តាច់​និស្ស័យ​ជាមួយ​ក្លឹប​កំពុង​ឈរ​ជើង ដោយ​ថ្វី​ដៃ​លោក Jurgen Klopp នៅ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ៖

៦) Francesco Guidolin

ចាប់​តាំង​ការ​មក​ដឹកនាំ​នៅ Premier League នា​ឆ្នាំ ២០១៥ នេះ​ជា​អ្នកចាត់ការ​ដំបូង​គេ​ ដែល​បាន​ខ្ទាត​ចេញ​ពី​តំណែង ក្រោយ​ការ​តតាំង​ទល់​ក្លឹប​ដឹកនាំ​ដោយ ​លោក Jurgen Klopp។ នោះ​គឺ​នៅ​ប្រកួត​ដែល Liverpool យក​ឈ្នះ ២-១ ទៅ​លើ Swansea នៅ​ថ្ងៃ​ទី ០១ តុលា ឆ្នាំ ២០១៦ លុះ​ក្រោយ​តែ​ ៤៨ ម៉ោង ចូល​ដល់​ថ្ងៃ​ទី ០៣ តុលា ក្លឹប​ក្ងាន​ខ្មៅ ក៏​ប្រកាស​បណ្តេញ​ចេញ លោក Guidolin។

វត្តមាន​គ្រូ​សញ្ជាតិ​អ៊ីតាលី ឈរ​ជើង​ដឹកនាំ Swansea បាន​មិន​ដល់ ១០ ខែ​ផង ហើយ​ Klopp គឺ​ជា​គូ​ប្រជែង​ចុង​ក្រោយ មុន​លោក​ត្រូវ​អស់​តំណែង។

៥) Slaven Bilic

រំលង​ទៅ​កាន់​រដូវ​កាល​បន្ទាប់ ២០១៧/១៨ ឥទ្ធិពល Klopp បាន​នាំ​ស៊យ​ដល់​អ្នកចាត់ការ​ក្លឹប West Ham មួយ​រូប​ទៀត។ ក្រោយ​តែ​ការ​ប្រកួត​រវាង Liverpool ទល់​ញញួរ​ធំ West Ham ដែល​ហង្ស​យក​ឈ្នះ ៤-១ នៅ​ថ្ងៃ​ទី ០៥ វិច្ឆិកា រំលង​តែ ២៤ ម៉ោង​ប៉ុណ្ណោះ តំណែង​របស់​ Bilic ក៏​ត្រូវ​បាត់បង់។

ដឹកនាំ​ជាង ២ ឆ្នាំ​កន្លះ តែ​ចុងក្រោយ​បែរ​មក​យ៉ាប់យ៉ឺន និង​ត្រូវ​ធ្លាក់​ចេញ​ពី​កៅអី​អ្នកចាត់ការ ត្រឹម​ប្រកួត​ទល់​លោក Jurgen Klopp។

៤) Slavisa Jokanovic

ដឹកនាំ Fulham ជិត ៣ ឆ្នាំ តែ​សាំ​ត្រង់​មក​អស់​តំណែង នៅ​ប្រកួត​ចុងក្រោយ​ទល់ Liverpool ដែល​ចាញ់​ក្រោម​លទ្ធផល ២-០។ គ្រូ​សញ្ជាតិ​ស៊ែប៊ី បាន​ទទួល​ដំណឹង​អាក្រក់​ពី​ក្លឹប Fulham នៅ​ក្រោយ​រយៈ​ពេល​តែ ៤ ថ្ងៃ នៃ​បរាជ័យ​ទល់​ក្រុម​លោក Klopp។

៣) Jose Mourinho

សូម្បី​តែ​បុរស​ជាប់​រហស្សនាម “Special One” ក៏​ធ្លាប់​អស់​តំណែង ដោយ​លោក Jurgen Klopp ផង​ដែរ នោះ​គឺ​បន្ទាប់​ពី​ដឹកនាំ Man Utd ឲ្យ​ទទួល​រង​បរាជ័យ ក្រោម​លទ្ធផល ១-៣ ទល់ Liverpool កាល​ពី​ថ្ងៃ​ទី ១៦ ធ្នូ ឆ្នាំ ២០១៨។ ក្រោយ ៤៨ ម៉ោង បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ក៏​អស់​តំណែង ដែល​នេះ​មាន​ន័យ​ថា នៅ​រដូវ​កាល​តែ​មួយ ២០១៨/១៩ ខុស​គ្នា​តែ​មួយ​ខែ​ជាមួយ​នឹង Fulham គឺ Klopp បាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​ដល់​ទៅ ២ រូប ត្រូវ​សម្រាក​ពី​ការងារ។

២) Marco Silva

អតីត​គ្រូ​បង្វឹក ក្លឹប Everton ក៏​ដោយសារ​ស្នាដៃ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​ដែរ នាំ​ឲ្យ​លោក​អស់​តំណែង។ យល់​ថា​វា​ជា​លទ្ធផល​គួបផ្សំ តែ​វា​ចៃដន្យ​ហួស ​ត្រូវ​មក​ប៉ះ Klopp នៅ​ប្រកួត​ចុង​ក្រោយ ​ដែលហង្ស​យក​ឈ្នះ ៥-២ ទៅ​លើ​ស្ករ​គ្រាប់​ខៀវ។

ពេលវេលា​ឈរ​ជើង​ជាង​មួយ​ឆ្នាំ​កន្លះ របស់ Silva នៅ Everton ក៏​ឈាន​មក​ដល់​ទី​បញ្ចប់ មុន​ការ​ផុត​កុងត្រា ហើយ​ត្រូវ​បាត់បង់​ការងារ​ជិត ១៨ ខែ មុន​ទទួល​បាន​ឱកាស​មក​ដឹកនាំ Fulham ឲ្យ​ទទួល​បាន​ផ្លែផ្កា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទល់​សព្វថ្ងៃ។

១) Scott Parker

អ្នកចាត់ការ​ក្លឹប Bournemouth ជា​អ្នក​ឈរ​ក្នុង​បញ្ជី​ចុងក្រោយ ដែល​ត្រូវ​អស់​តំណែង​ដោយសារ​ប្រកួត​ទល់ Jurgen Klopp ក្រោយ​បរាជ័យ​ស្ពឹក​មុខ ៩-០។ រំលង​តែ ៣ ​ថ្ងៃ គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស ក៏​ត្រូវ​បាន​ក្លឹប​ដក​តំណែង​ជា​ផ្លូវការ។

ពាក់ព័ន្ធ​រឿងរ៉ាវ​ទាំង​អស់​នេះ កំពុង​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយបារម្ភ​អំពី​តំណែង​លោក Frank Lampard ដែល​ជា​អ្នកចាត់ការ​ក្លឹប​ Everton ​ឯ​ណោះ ​ត្រូវ​កំណត់​ជួប Liverpool នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ខាង​មុខ ពោល​ប្រសិន​ណា​ជា​រង​បរាជ័យ​ក្រោម​លទ្ធផល​ទក់សាច់​ណា​មួយ នោះ​ថា​មិន​ត្រូវ តំណែង​ Lampard ក៏​អាច​នឹង​បាត់បង់ ​ត្រឹម​ប្រកួត​នោះ​ក៏​ថា​បាន។ ក៏​ដោយសារ​លទ្ធផល ៥ ជុំ​ដំបូង Everton ស្រោចស្រង់​មិន​ឡើង​ទាល់​តែ​សោះ នេះ​កំពុង​ឈរ​លេខ ១៥ ឈ្នះ ០ ស្មើ ៣ ចាញ់ ២ របូត ៦ គ្រាប់​ហើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT