ក្លឹប​ Bournemouth ​ដក​លោក Scott Parker ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​

​ទើប​ឆ្លង​កាត់​៤​ប្រកួត​ប៉ុណ្ណោះ ប៉ុន្ដែ​ក្លឹប Bournemouth ​បាន​សម្រេច​ចិត្ត​បណ្ដេញ​អ្នក​ចាត់ការ​ក្រុម Scott Parker ​ចេញ​ហើយ ​ក្រោយ​ពី​ចាញ់​ច្រើន​គ្រាប់​ខ្លាំង​ពេកនៅ​៣​ប្រកួត​ចុង​ក្រោយ​។

​បើក​ឆាក Premier League ​ប្រកួត​ដំបូង ​ក្រុម Bournemouth ​បាន​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ​២-០។ ​តែ​៣​ប្រកួត​បន្ទាប់​មក​ទៀត ​ក្រុម​មួយ​នេះ​បាន​ចាញ់​ទាំង​៣​ប្រកួត ​ក្រោម​ថ្វី​ជើង Man City ​៤-០ ​ចាញ់ Arsenal ​៣-០ ​និង​ចុង​ក្រោយ​គេ​នេះ​ចាញ់​ក្រុម Liverpool ​ដល់​ទៅ ​៩-០ ​ឯ​ណោះ។ ចាញ់​ចុង​ក្រោយ​ធ្ងន់​ក​​ពេក​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​តំណែង​របស់​លោក​មិន​រក្សា​បាន​ត​ទៅ​ទៀត​នោះ​ទេ។ ដោយ​ការ​ប្រកាស​បណ្ដេញ​លោក Parker ​ចេញ ​កើត​ឡើង​នៅ​យប់មិញ​នេះ​ឯង។

​លោក Parker ​ក៏​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ដំបូង​គេ​តាំង​ពី​ឆ្នាំ​២០០៤​មក ដែល​ត្រូវ​ដកចេញ​ពី​តំណែង​នៅ​ខែ​សីហា​ដើម​រដូវ​កាល។ ​ដោយ​ឡែក​សម្រាប់​តំណែង​នេះ ​ក្រុម Bournemouth ​មិន​ទាន់​ដឹង​ថា​ត្រូវ​យក​នរណា​នោះ​ទេ តែ​ពួកគេ​ក៏​បាន​តែងតាំង​លោក​ Gary O’Neil ​ដែល​ជា​គ្រូ​ជំនួយ ​មក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​សិន​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT