PSG ដាក់បញ្ជាយ៉ាងតឹងរ៉ឹងចំពោះ Neymar និង Mbappe បន្ទាប់ពីមានបញ្ហាជាមួយគ្នា

កីឡាករ​ទាំង​ពីរនាក់នេះ​ មើលមុខគ្នាមិនចំអស់មួយ​រយៈ​មក​ហើយ ហើយ​បញ្ហារបស់​ពួក​គេ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុម និងកីឡាករ​ផ្សេង​ទៀតផងដែរ។

Paris Saint-Germain បានចាត់វិធានការជាផ្លូវការដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុមចំពេលមានជម្លោះដែលកំពុងបន្តរវាង Kylian Mbappe និង Neymar។វិវាទនៃការដណ្តើមបាល់ពិន័យ១១ម៉ែត្រនាពេលថ្មីៗនេះបានធ្វើឱ្យទំនាក់ទំនងបែកបាក់រវាងកីឡាករទាំងពីរជាសាធារណៈ ហើយ PSG បានបើកការប្រជុំក្រុមដោយស្នើសុំឱ្យបញ្ហាវិវាទទាំងឡាយដឹងលឺត្រឹមផ្ទៃក្នុងក្រុមបានហើយ។ ន័យម្យ៉ាងទៀត ក្លឹបចង់ឱ្យ Mbappe និង Neymar យ៉ាងហោចណាស់បង្ហាញថាពួកគេមានទំនាក់ទំនងល្អជាមួយគ្នានៅទីសាធារណៈ។

តើ PSG បានធ្វើអ្វីខ្លះដើម្បីដោះស្រាយជម្លោះរវាង Mbappe និង Neymar?

ភាពតានតឹងរវាង Neymar និង Mbappe អ្នកគាំទ្រជុំវិញពិភពលោកបានឃើញយ៉ាងច្បាស់ អំឡុងពេលក្រុម PSG ឈ្នះ ៥-២ លើក្រុម Montpellier កាលពីចុងសប្តាហ៍មុន។ Mbappe ខកខានបាល់ប៉េណាល់ទីនៅក្នុងការប្រកួតនោះ ហើយ Neymar បានបដិសេធមិនអោយគេស៊ុតគ្រាប់ទីពីរដើម្បីកែប្រែកំហុស បន្ទាប់មក Neymar ក៏ស៊ុតគ្រាប់បាល់ប៉េណាល់ទីនោះដោយខ្លួនឯង និងចូលទីដោយជោគជ័យ។ការពិភាក្សាបានធ្វើឡើងនៅចំពោះមុខក្រុមទាំងមូល ដោយកីឡាករទាំងអស់ឥឡូវនេះស្ថិតក្រោមការបញ្ជាយ៉ាងតឹងរ៉ឹងដើម្បីរក្សាទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក ជាពិសេសនៅថ្ងៃប្រកួត ដោយសារការតាមដានពីប្រព័ន្ធផ្សព្វផ្សាយកំពុងតែកើនឡើង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT