កីឡារាំកម្ពុជាត្រៀម១៤វិញ្ញាសាសុទ្ធតែមានសក្តានុពល សម្រាប់ស៊ីហ្គេម នៅកម្ពុជា

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជាបានត្រៀមវិញ្ញាសាចំនួន១៤ដែលសុទ្ធតែវិញ្ញាសាមានសក្តានុពលក្នុងការដណ្តើមមេដាយសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងថា សហព័ន្ធកីឡារាំ បានត្រៀម១៤វិញ្ញាសា។ វិញ្ញាសាទាំងអស់នេះសុទ្ធតែមានសក្តានុពល ក្នុងការដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា ស្របតាមការកំណត់ទិសដៅ និងមានផែនការច្បាស់លាស់។ លោកស្រីបន្តថា ក្រោយបញ្ចប់បេសកម្មស៊ីហ្គេម នៅវៀតណាម កីឡាករ កីឡាការិនីមានសិទ្ធផល និងគុណផលកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។ ដូច្នេះសហព័ន្ធកីឡារាំកម្ពុជា បានត្រៀមដាក់១៤វិញ្ញាសា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺចង្វាក់ Latin Dance និង Standard Dance មាន១២វិញ្ញាសា ហើយចង្វាក់ Break Dance មាន២វិញ្ញាសា។ វិញ្ញាសាទាំងអស់នេះមានសក្តានុពលខ្ពស់ក្នុងការទទួលបានមេដាយ ដោយសារសហព័ន្ធមានផែនការច្បាស់លាស់ គឺតម្រូវឲ្យកីឡាករ កីឡាការិនីចង្វាក់ Latin Dance ហ្វឹកហាត់តែវិញ្ញាសា Latin Dance ខណៈចង្វាក់ Standard Dance ហ្វឹកហាត់តែ Standard Dance និង Break Dance ហ្វឹកហាត់តែ Break Dance តែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ បន្ថែមលើនេះ សហព័ន្ធគ្រោងនឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន អំឡុងខែសីហា ឬខែកញ្ញាខាងមុខនេះ តាមរយៈសហព័ន្ធកីឡារាំអាស៊ី ដែលជួយទំនុកបម្រុងទាំងការស្នាក់នៅ ហូបចុក រយៈពេល២ខែ។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅចិន សហព័ន្ធគ្រោងស្នើសុំគ្រូកម្រិតខ្ពស់ មកបង្ហាត់ដល់ក្រុមជម្រើសរើសជាតិបន្តទៀត។ លោកស្រីអគ្គលេខាធិការ បានបញ្ជាក់ថា ការហ្វឹកហាត់នៅក្រៅប្រទេស និងមានគ្រូកម្រិតខ្ពស់មកបង្វឹក បូករួមទាំងមានការប្រកួតច្រើនទាំងកម្រិតជាតិ និងអន្តរជាតិ សហព័ន្ធមានក្តីរំពឹងខ្ពស់ថា នឹងទទួលបានមេដាយ លើចង្វាក់ Latin Dance វិញ្ញាសា Jive, Paso Dable, Cha Cha និង Samba ។ ចំពោះចង្វាក់ Standard Dance វិញ មានវិញ្ញាសា Slow Foxtrot ដោយការប្រកួតស៊ីហ្គេម នៅវៀតណាម ទទួលបានចំណាត់លេខ៤ និង Quick Step។ ដោយឡែកចង្វាក់ Break Dance ក៏សង្ឃឹមខ្ពស់ដែរ ដោយសារជាវិញ្ញាសាអូឡាំពិក ហើយកម្ពុជាមានក្លឹប និងធនធានច្រើន។ លោកស្រី ហង់ ស៊ីមន បន្ថែមថា ក្រៅពីផ្តោតលើអត្តពលិក សហព័ន្ធក៏យកចិត្តទុកដាក់លើចៅក្រម អាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស ដើម្បីត្រៀមស៊ីហ្គេម តាមរយៈការបើកវគ្គបណ្តុះបណ្តាលចៅក្រមកម្រិតមូលដ្ឋាន ដើម្បីត្រៀមរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ នាខែតុលាខាងមុខ និងការចូលរួមប្រកួតកម្រិតអន្តរជាតិផងដែរ គួរបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា កំពុងត្រៀមអត្តពលិក១០រូបគឺ កីឡាករ៥រូប និងកីឡាការិនី៥រូប លើ១៤វិញ្ញាសា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបើតាមសន្ទស្សន៍របស់ Camsoc ដាក់ជូនសហព័ន្ធកីឡារាំ ត្រូវដណ្តើមឲ្យបានមេដាយមាស១គ្រឿង ជូនកម្ពុជា៕ ប្រភព : CAMSOC
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT