France Football បកស្រាយ​ហើយ ថា​ដោយសារ​ហេតុផល​នេះ ទើប Messi អត់​ឈ្មោះ​ប្រជែង​ពាន Ballon d’Or

កាល​ពី​យប់មិញ​ស្ថាប័ន France Football បាន​ប្រកាស​ចេញ​នូវ​បញ្ជី​បេក្ខភាព​ទាំង ៣០ រូប ក្នុង​ការ​ប្រជែង​ពាន​ឯកត្តជន Ballon d’Or ប្រចាំ​ឆ្នាំ ២០២២ ហើយ​សង្កេត​ឃើញ ផ្ទុះ​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​អវត្តមាន​កីឡាករ​ឆ្នើម​មួយ​ចំនួន ជា​ពិសេស​គឺ Lionel Messi។

ម្ចាស់​ពាន Ballon d’Or ៧ សម័យ​កាល ជា​អ្នក​ឈ្នះ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បាន​ខកខាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​បេក្ខភាព ជា​លើក​ដំបូង​រាប់​តាំង​ពី​ឆ្នាំ ២០០៥។ ចំណែក​ឯ​អ្នក​ទាំង ៣០ ​នោះ​មាន​ដូច​ជា៖ Thibaut Courtois, Rafael Leao, Christopher Nkunku, Mohamed Salah, Joshua Kimmich, Trent Alexander-Arnold, Vinicius Junior, Bernardo Silva, Luis Diaz, Robert Lewandowski, Riyad Mahrez, Casemiro, Heung-Min Son, Fabinho, Karim Benzema, Mike Maignan, Harry Kane, Darwin Nunez, Phil Foden, Sadio Mane, Sebastien Haller, Luka Modric, Antonio Rudiger, Cristiano Ronaldo, Kevin De Bruyne, Dusan Vlahovic, Virgil van Dijk, Joao Cancelo, Kylian Mbappe និង Erling Haaland។

បញ្ជាក់​ឲ្យ​ដឹង​ថា ដំណាក់កាល​ដំបូង​នៃ​ការ​ជ្រើស​យក​ឈ្មោះ​បេក្ខភាព​ទាំង ៣០ រូប គឺ​ជា​ការ​សម្រេច​ចិត្ត​របស់ France Football ផ្ទាល់ លុះ​ដល់​ដំណាក់កាល​បោះឆ្នោត​បន្ទាប់ ទើប​ប្រគល់​ជូន​ទៅ​កាន់​ស្ថាប័ន​អ្នក​កាសែតតាមបណ្តាប្រទេស ដូច​បាន​កំណត់។ បើ​ទោះ​បី​មាន​អ្នក​គាំទ្រ​មួយ​ចំនួន បាន​ទទួល​ស្គាល់ តែ​ក៏​នៅ​មាន​ខ្លះ​ទៀត​ ហាក់​មិន​អស់​ចិត្ត ឆ្ងល់​ថា ដ្បិត​អី​ត្រឹម​បេក្ខភាព ៣០ រូប បែរ​ជា​មិន​មាន​ឈ្មោះ​កីឡាករ​អាហ្សង់ទីន​ទៅ​វិញ។ មិន​ទុក​ឲ្យ​មាន​ការ​ងឿងឆ្ងល់​យូរ CTS SPORT សូម​ធ្វើ​ការ​បកស្រាយ ផ្អែក​ទៅ​តាម​ការ​លើក​ឡើង​យ៉ាង​សម​ហេតុផល ពី​ France Football ដូច​ត​ទៅ៖

អ្នក​តំណាង​ស្ថាប័ន​សារព័ត៌មាន​របស់​បារាំង​ខាង​លើ គឺ​លោក Emmanuel Bojan បាន​រៀបរាប់​បែប​នេះ៖ “ជា​ការ​ពិត Messi ក៏​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​ពួក​យើង​ដែរ ជុំវិញ​ការ​ដាក់​ឈ្មោះ​ទៅ​កាន់​បេក្ខភាព​ទាំង ៣០ រូប ក៏​ប៉ុន្តែ​គោលការណ៍​និង​លក្ខណៈ​វិនិច្ឆ័យ​ថ្មី សម្រាប់​ពាន Ballon d’Or វា​ហាក់​មិន​អំណោយផល​ដល់​ឈ្មោះ​របស់​គេ​សោះ”។

“លក្ខណៈ​វិនិច្ឆ័យ​សមិទ្ធផល​កីឡាករ​ នៅ​ព្រឹត្តិការណ៍​សារ​នេះ​ត​ទៅ​មុខ យើង​យក​តាម​កាលបរិច្ឆេទ​រដូវ​កាល​បាល់ទាត់ ដូច្នេះ​មិន​បាន​គិត​ពេញ​ក្នុង​ឆ្នាំ​តែ​មួយ ដូច​កាល​ពី​មុន​ឡើយ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​រាប់​បញ្ចូល​នូវ​សមិទ្ធផល​ធំ នៃ​ការ​ឈ្នះ​ពាន Copa America របស់​ Messi នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​ថ្ងៃ​ទី ១១ ​កក្កដា ឆ្នាំ ២០២១”។

នេះ​មាន​ន័យ​ថា គោលការណ៍​ថ្មី​របស់ France Football គឺ​គេ​បាន​ប្រៀបធៀប​សមិទ្ធផល​កីឡាករ​ទាំង​អស់ នៅ​រដូវ​កាល​ចាស់ រាប់​ពី​ថ្ងៃ​ទី ០១ សីហា ឆ្នាំ ២០២១ ដល់ ៣១ ​កក្កដា ឆ្នាំ ២០២២។ ខណៈ​ដែល​បុរស​វ័យ ៣៥ ឆ្នាំ ក៏​មិន​បាន​សម្រេច​អ្វី​ជា​ដុំកំភួន​ឡើយក្នុងកំឡុងពេលនោះ ពោល​រដូវ​កាល​ដំបូង នៅ PSG ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត ដែល Messi អាច​រក​បាន​តែ ៦ គ្រាប់​នៅ Ligue 1 និង ១៥ គ្រាប់​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់។ សាមញ្ញ​ងាយ​យល់​ទៅ បើ​ព្រឹត្តិការណ៍ Copa America អាច​បញ្ចប់​មុន​ថ្ងៃ​ទី ៣១ ​កក្កដា ម្ល៉េះ​ការ​ជាប់​ឈ្មោះ​នៅ​បេក្ខភាព ៣០ រូប សម្រាប់​កីឡាករ​ខាង​លើ ប្រាកដ​ណាស់ នឹង​គ្មាន​អ្វី​ឲ្យ France Football ​ត្រូវ​ពិបាក​សម្រេច​ចិត្ត​ឡើយ។

បន្ត​ទៅ​ដំណាក់កាល​បន្ទាប់ France Football នឹង​បើក​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​តំណាង​ឲ្យ​ជម្រើស​ជាតិ​ទាំង ១០០ តាម​កម្រិត FIFA Ranking ជ្រើសរើស​កីឡាករ ៥ រូប ល្អ​បំផុត ទៅ​តាម​លេខ​រៀង ហើយ​ធ្វើ​ការ​បូក​ពិន្ទុ​សរុប​បញ្ចូល​គ្នា ដើម្បី​ចម្រាញ់​យក​ម្ចាស់​ពាន​ នៅ​ថ្ងៃ​ទី ១៧ តុលា ប្រកាស​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ សម្រាប់​ CTS SPORT បើ​ឲ្យ​ជ្រើស​ ៣ រូប ដែល​ស្រលាញ់​បំផុត ផ្អែក​ទៅ​តាម​សមិទ្ធផល​សម្រេច​បាន គឺ​សូម​ដាក់​ឈ្មោះ Karim Benzema នៅ​លេខ ១, Sadio Mane នៅ​លេខ ២ និង Vinicus Jr នៅ​លេខ​៣ ចុះ​មតិ​យោបល់​គ្នា​យើង​វិញ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT