World Cup 2022 ប្រហែល​នឹង​ក្លាយ​ជា​រជ្ជកាល​ចុងក្រោយ របស់​កីឡាករ​កំពូល​ ៧ រូប​នេះ

អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់ ឆ្លង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក៏​ត្រូវ​កាត់​ចិត្ត​ជា​បន្តបន្ទាប់ ជាមួយ​ការ​ចូល​និវត្ត​នៃ​កីឡាករ​កំពូល ហើយ​សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 ខាង​មុខ ក៏​ទំនង​ជា​រជ្ជកាល​ចុងក្រោយ​របស់​តារា​ឆ្នើម​ទាំង ៧ រូប​ខាង​ក្រោម​ផង​ដែរ៖

៧) Robert Lewandowski – ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ បាន​ឈរ​ជើង​តាំង​ពី​ឆ្នាំ ២០០៨ ហើយ​នៅ World Cup ខាង​មុខ ក៏​នៅធានា​ពី​ឱកាស​បង្ហាញ​ខ្លួន​សម្រាប់​បុរស​វ័យ ៣៣ ឆ្នាំ។ យ៉ាង​ណា​ឆ្លង​ទៅ ៤ ឆ្នាំ​បន្ទាប់ ស្ថិត​នៅ​វ័យ ៣៧ ឆ្នាំ ដែល​សហរដ្ឋអាមេរិក ម៉ិកស៊ីកូ និង​កាណាដា​កំណត់​ធ្វើ​ជា​ម្ចាស់ផ្ទះ ទំនង​អាច​នឹង​មិន​ឃើញ​វត្តមាន​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បន្ត​ទៀត​ឡើយ។

៦) Angel di Maria – កីឡាករ Juventus ក៏​មក​ចូលរួម​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ល្បាក់​ឆ្នាំ ២០០៨ ដូច​គ្នា ហើយ​ឆ្លង​ទៅ ៤ ឆ្នាំ​បន្ទាប់ Di Maria នឹង​ហៀរ​ចូល​វ័យ ៣៨ ឆ្នាំ អ៊ីចឹង​មាន​ភាគរយ​ទាប​ណាស់ ដែល​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ អាច​បន្ត​នៅ។

៥) Edinson Cavani – បុរស​វ័យ ៣៥ ឆ្នាំ សឹង​តែ​បាត់​មុខ​ពី​ទីលាន​នៅ​ពេល​ចុង​ក្រោយ ជា​ពិសេស​ការ​លេង​ឲ្យ​ក្លឹប ហើយ​នៅ​ជម្រើស​ជាតិអ៊ុយរុយហ្គាយ បើ​ទោះ​បី​បន្ត​ទទួល​បាន​ឱកាស តែ​មតិ​ជា​ច្រើន​ជឿ​ថា ប្រហែល​បាន​ត្រឹម World Cup 2022 ប៉ុណ្ណោះ​ឯង ព្រោះ​អី​គ្រាប់​ពេជ្រ​ជំនាន់​ក្រោយៗ​កំពុង​ដុះ​ពន្លក​បាន​យ៉ាង​ល្អ តួ​យ៉ាង​ដូច​ជា Darwin Nunez និង Maximiliano Gomez ​ជា​ដើម។​

៤) Hugo Lloris – បើ​ទោះ​បី​សព្វថ្ងៃ នៅ​បន្ត​ជា​ដៃ​ទី​មួយ ឲ្យ​ក្រុម​មាន់​គក​បារាំង តែ​អាយុ​របស់ Lloris កំពុង​ក្លាយ​ជា​មន្ទិល​សង្ស័យ ដោយ​នៅ​ចុង​ឆ្នាំ​ខាង​មុខ គេ​ត្រូវ​ហៀរ​ចូល​វ័យ ៣៦ ឆ្នាំ ហើយ​កៀក​ចូល ៤០ ឆ្នាំ នៅ World Cup សម័យកាល​បន្ទាប់។ ដោយសារស្គាល់ជាតិលើកពានរួចទៅហើយ គួប​ផ្សំ​នឹង​អ្នកចាំទីដៃទីពីរ​ Mike Maignan លេង​ឲ្យ AC Milan បាន​ល្អ ដល់​ឈ្នះ​ពាន​រដូវ​កាល​មុន​ផង ដូច្នេះ​អ្នកចាត់ការ​ជម្រើស​ជាតិ ក៏​អាច​នឹង​សម្លឹង​ការ​ផ្លាស់ប្តូរ​ដូច​គ្នា។

៣) Luka Modric – ធ្លាប់​ជា​ចំណែក​ជួយ​ឲ្យ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ជា​លើក​ដំបូង ហើយ​ព្រឹត្តិការណ៍​សារ​នេះ ក៏​រំពឹង​នឹង​មាន​វត្តមាន​ខ្សែ​បម្រើ​ក្លឹប Real Madrid ដដែល តែ​ចូល​ដល់​សម័យ​កាល​បន្ទាប់ ២០២៦ នៅ​ពេល Modric ឈាន​ចូល​វ័យ ៤០ ឆ្នាំ គឺ​មាន​ការ​រំពឹង​ទុក​ទាប​ណាស់ ជា​រួម​កីឡាករ​អាច​នឹង​ចូល​និវត្ត​មុន​នោះ​ក៏​ថា​បាន។

២) Cristiano Ronaldo – កំណត់ត្រា​ធំៗ​នៅ​ជម្រើស​ជាតិ CR7 ឈោង​បាន​អស់​ហើយ នៅ​ឡើយ​តែ​ការ​ឈ្នះ​ពាន World Cup ហើយ​ចុង​ឆ្នាំ​ខាង​មុខ គឺ​ជា​ឱកាស​ថ្មី តែ​ក៏​អាច​ជា​ឱកាស​លើក​ចុង​ក្រោយ​ផង​ដែរ។ ក៏​ដោយសារ​ស្ថិត​នៅ​វ័យ ៣៧ ឆ្នាំ​ទៅ​ហើយ ណា​មួយ​គុណភាព​គ្រាប់​ពេជ្រ​ជំនាន់​ក្រោយៗ ក៏​ល្អ​ច្រើន ដែល​អាច​មក​បំពេញ​តំណែង​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ថ្មី​បាន ដូច​ជា Andre Silva, Rafael Leao និង Joao Felix ជា​ដើម។

១) Dani Alves – ជា​កីឡាករ​ឈ្នះ​ពាន​ច្រើន​បំផុត ដល់​ទៅ ៤៣ គ្រឿង តែ​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល គឺ​នៅ​រំលង​ពាន​ធំ World Cup។ យ៉ាង​ណា​ពេល​ចុងក្រោយ តំណែង​ការពារ​ស្លាប​ស្តាំ ច្រើន​តែ​ធ្លាក់​ទៅ​លើ Danilo ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ជឿជាក់​ថា​ព្រឹត្តិការណ៍ ឆ្នាំ ២០២២ ប្រាកដ​ណាស់ នឹងក្លាយ​ជា World Cup លើក​ចុង​ក្រោយ ជួន​ពេល​កីឡាករ​ក៏​មាន​វ័យ ៣៩ ឆ្នាំ​ទៅ​ហើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT