កីឡាការនី​វាយ​សី​ថៃ វ័យ​ទើប​ ១៥ ឆ្នាំ សម្រស់​ក៏​បាន គុណភាព​ក៏​មាន ឆក់​អស់​បេះដូង Boy Boy

នៅ​វិញ្ញាសា​វាយ​សី ប្រចាំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ពេល​កន្លង​ទៅ ទាំង​ផ្នែក​បុរស​និង​នារី មេដាយ​មាស​សុទ្ធសឹងតែ​បាន​ទៅ​លើ​កីឡាករ/កីឡាការនី​មក​ពី​ប្រទេស​ថៃ ហើយ​ក្នុង​ចំណោម​អត្តពលិក​ដែល​មក​ចូលរួម គ្រប់​គ្នា​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​ក្មេង​ស្រី​តូច​វ័យ​ទើប​ ១៥ ឆ្នាំ ឈ្មោះ Pitchamon Opatniputh [พิชฌามลณ์ โอภาสนิพัทธ์]។

នាង​ជា​កីឡាការនី​វ័យ​ក្មេង​បំផុត ក្នុង​ចំណោម​កីឡាការនី​ទាំង ១០ រូប ដែល​សមាគម​វាយ​សី​របស់​ថៃ បញ្ជូន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣១។ ក្នុង​អត្ថបទ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​ត្រួសៗ​អំពី​ការ​ចាប់ផ្តើម សមត្ថភាព និង​ឆន្ទៈ​របស់​ក្មេង​ស្រី​តូច ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Pink” ក៏​ដូច​ជា​រូប​សម្រស់​ឆក់​យក​បាន​បេះដូង​យុវជន​ជា​ច្រើន ជា​ពិសេស​អ្នក​ស្រលាញ់​កីឡា​វាយ​សី៖

Pink ទទួល​បាន​ការ​គាំទ្រ និង​ត្រួសត្រាយ​ផ្លូវ​តាំង​តែ​ពី​នាង​នៅ​តូច អាយុ ៥ ឆ្នាំ ហើយ​មាន​ឪពុក​របស់​នាង​ជា​អ្នក​បង្វឹក​ផ្ទាល់ លុះ​ធំ​បន្តិច ក៏​ហ្វឹកហាត់​ពេញ​ម៉ោង ជាមួយ​គ្រូ Kasemsak Chatuchinda ជា​ពេល​នាង​ចាប់ផ្តើម​ប្រលូក​ក្នុង​ការ​ប្រកួត​លក្ខណៈ​អាជីព និង​កើន​បទពិសោធន៍​ពី​ការ​ប្រកួត​លើក​ឆាក​អន្តរជាតិ​នានា។

យុវតី​កម្ពស់ ១,៧០ ម៉ែត្រ​រូប​នេះ កាល​ពី​នាង​នៅ​អាយុ ១២ ឆ្នាំ ក៏​ធ្លាប់​បាន​ឈ្នះ​នៅ​ព្រឹត្តិការណ៍ World Badminton U15 Shonai Invitational 2019 គ្រា​យក​ឈ្នះ​ទៅ​លើ​កីឡាការនី​ជប៉ុន ត្រឹម​ការ​ប្រើប្រាស់​ពេល ២៨ នាទី។

ក្រោយ​មក​កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ ២០២២ នៅ​ឯ​ប្រទេស​ស៊ុយអែត ក៏​នាងបន្ត​យក​ជ័យជម្នះមកជូនជាតិ ទើប​នាំ​ឲ្យ​សមាគម​ប្រចាំ​ផ្ទៃ​ប្រទេស មើល​ឃើញ​ពី​សមត្ថភាព ហើយ​សម្រេច​កោះហៅ​នាង​ឲ្យ​មក​ចូលរួម​ជា​អត្តពលិក​លើ​វិញ្ញាសា​វាយសី នៅ​ SEA Games ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ប៉ុន្មាន​ខែ​មុន។ តាម​ការ​វាយ​តម្លៃ​ពី​គេហទំព័រ Badminton-navi.net សម្រាប់​យុវតី​វ័យ ១៥ ឆ្នាំ​ខាង​លើ ក៏​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​នៅ​លេខ​រៀង​ ២០៥ ក្នុង​ចំណោម​កីឡាការនី​វាយ​សី​ទូទាំង​សកលលោក។

Pink ធ្លាប់​បាន​និយាយ​កន្លង​ទៅ​ថា៖ “ជាមួយ​កីឡា​វាយ​សី ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ ពោល​មួយ​អាទិត្យ​សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នេះ​ខ្ញុំ​បាន​អនុវត្ត​វា​ដដែលៗ​រៀងរាល់​ព្រឹក និង​ល្ងាច ហើយ​មុន​ការ​ឈ្នះ​នៅ​ព្រឹត្តិការណ៍ Victor Swedish Open 2022 ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ដក​ឈ្មោះ​ពី​ការ​ប្រកួត Estonian International ដោយសារ​ពេល​នោះ​របួស​ជើង ហើយ​ពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង វា​ពិត​ជា​ឈឺចាប់​​ណាស់”។

អំពី​ឆន្ទៈ​ទៅ​ថ្ងៃ​អនាគត Pink ចង់​ក្លាយ​ជា​កីឡាការនី​វាយ​សី​លំដាប់​ពិភពលោក​មួយ​រូប ក៏​ដូច​ជា​អាច​ដើរ​តាម​គន្លង​ជោគជ័យ ដូច​រៀម​ច្បង គឺ​កីឡាការនី​ចំណាត់​ថ្នាក់​លេខ​ប្រចាំ​ប្រទេស​ថៃ គឺ​ Ratchanok Intanon ដែល​មាន​អាយុ ២៧ ឆ្នាំ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT