ទំនេរ​ពី​បាល់ទាត់ កីឡាករ ៣ រូប​ជក់​លេង​ហ្គេម​ខ្លាំង សឹង​តែ​អាច​ឈរ​ឈ្មោះ​ជា Gamer អាជីព

តារា​បាល់ទាត់​ជា​ច្រើន ក្រៅ​តែ​ទំនេរ​ពី​ទីលាន​ប្រកួត ពួក​គេ​ក៏​ឆ្លៀត​ពេល​លំហែ ទៅ​តាម​ចំណង់​រៀងៗ​ខ្លួន ខ្លះ​ទៅ​ចូលចិត្ត​វាយកូនគោល ខ្លះ​ដើរហើរ​ទៅ​តាម​តំបន់​កម្សាន្ត និង​មួយ​ផ្នែក​ធំ​ទៀត បាន​ចាយ​ពេល​ទៅ​លើ​ការ​លេង​ហ្គេម។

ការ​លេង​ហ្គេម​នេះ​សោត សម្រាប់​កីឡាករ​បាល់ទាត់​ដែល​រក​លុយ​បាន​រាប់​មុឺន​ដុល្លារ/សប្ដាហ៍ ពួក​គេ​ក៏​មិន​ញញើត​នោះ​ដែរ ក្នុង​ការ​ចាយវាយ​ទៅ​លើ​ឧបករណ៍ ឬ​ម៉ាស៊ីន​ហ្គេម​ដែល​មាន​តម្លៃ​ថ្លៃ ក៏​ដូច​ជា​សម្ភារៈ​ ឬ Item ផ្សេងៗ សម្រាប់​តួអង្គ​របស់​ពួក​គេ។ CTS Sports ធ្វើ​ការ​បង្ហាញ​នូវ​កីឡាករ​បាល់ទាត់ ៣ រូប ដែល​មាន​ដុង​លើ​វិស័យ​ហ្គេម ហើយ​សមត្ថភាព​របស់​ពួកគេ​បើ​តាម​ដឹង​សឹង​តែ​អាច​ក្លាយ​ជា Gamer អាជីព​ថែម​ទៀត​ផង៖

៣) Antoine Griezmann


ជោគជ័យ​ខ្លាំង​កាល​នៅ Atletico Madrid ក៏​ប៉ុន្តែ​ពេល​ចុង​ក្រោយ គេ​សឹង​តែ​ភ្លេច​ឈ្មោះ​ពី​ទីលាន ក្រោយ​មិន​អាច​បង្កើត​ផ្លែផ្កា​អ្វី​សោះ ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ​បារាំង។ អ្នក​គាំទ្រ​កីឡាករ​វ័យ ៣១ ឆ្នាំ ប្រហែល​ជា​ធ្លាប់​ចាប់​អារម្មណ៍​ជុំវិញ​ស្ទាយ​អបអរ លើក​ដៃ​បង្ហាញ​ទម្រង់​រាង​អក្សរ “L” ដែល​នោះ គឺ​ជា​ក្បាច់​រាំ​របស់​តួ​អង្គ​ក្នុង​ហ្គេម Fortnite។

ហ្គេម Online របស់​ក្រុមហ៊ុន Epic មួយ​នេះ តាម​ដឹង​ត្រូវ​បាន Griezmann ចាប់ផ្តើម​លេង​តាំង​ពី​ឆ្នាំ ២០១៨ រី​ឯ​ចំពោះ ម៉ាស៊ីន​ហ្គេម​ដែល​ខ្សែ​ប្រយុទ្ធ​បារាំង​ជ្រើសមកប្រើប្រាស់ គឺ Xbox មិនមែន PlayStation នោះ​ឡើយ។ ​គេ​ក៏​ធ្លាប់​បាន​លើក​ឡើង​នូវ​សម្តី​គួរ​ឲ្យ​ចាប់​អារម្មណ៍៖ “ខ្ញុំ​ហ៊ាន​និយាយ​ថា ការ​លេង​យក​លេខ ១ ឬ Victory Royale នៅ​ក្នុង​ហ្គេម Fortnite វា​ស្រ្តេស​វា​ពិបាក​ជាង​ការ​ដែល​ស៊ុត​បាល់​ក្នុង​ប្រអប់​គ្រោះថ្នាក់ទៅទៀត”។

២) Neymar Jr


តារា​ឆ្នើម​របស់​ក្លឹប PSG លេង​ទាំង​លើ​ប្រភេទ​ម៉ាស៊ីន​ហ្គេម Console ក៏​ដូច​ជា​លើ​កុំព្យូទ័រ PC ហើយ​ហ្គេម​គេ​និយម​ឃើញ​លេង​បំផុត​រួម​មាន Pro Evolution Soccer (PES), Fornite, Call of Duty, PUBG, GTA តែ​ពេល​ចុង​ក្រោយ ឃើញ​សកម្ម​ខ្លាំង​ក្នុង​ការ​លេង​ហ្គេម​ CS:GO ហើយ​ថែម​ទាំង​មាន​ផ្សាយ​ផ្ទាល់​លើ​គណនី Facebook ទៀត​ផង។

គុណភាព​របស់​កីឡាករ​ប្រេស៊ីល មិន​អាច​មើល​ស្រាល​បាន​ទេ ជា​ពិសេស​បើ​អ្នក​ដែល​យល់​ពី​ការ​លេង​ហ្គេម ដូច​ជា CS:GO ទើប​ដឹង​ថា Neymar ​មាន​ដុង​ពិតៗ ល្មម​អាច​សាង​ឈ្មោះ​ជា Gamer ឬ​បង្កើត​ជា​លក្ខណៈ​ក្រុម​អាជីព​ ចូល​ប្រកួត esportក៏​បាន។

១) Mesut Ozil


ជួន​ពេល​ដែល​អាជីព​បាល់ទាត់​កំពុង​តែ​ផុង​ចុះ សង្ស័យ​កៀក​ឈាន​ចូល​ដល់​ពេលវេលា​ចូល​និវត្ត កន្លង​ទៅ​ភ្នាក់ងារ​រត់ការ​របស់​កីឡាករ Mesut Ozil គឺ​លោក Erkut Sogut បាន​បង្ហើប​ថា ពេល​ទៅ​មុខ កីឡាករ​អាល្លឺម៉ង់ បើ​ចង់​បោះជំហាន​ទៅ​ជា​អត្តពលិក​លើ​វិស័យ eSports នោះ​ក៏​អាច​ធ្វើ​ទៅ​បាន​ដោយ​ងាយ។

លោក Sogut និយាយ៖ “Ozil នឹង​អាច​ប្រលូក​ក្នុង​វិស័យ eSports ឬ​អាច​ក្លាយ​ជា​អត្តពលិក​អាជីព ស្មោះត្រង់​ទៅ​គេ​លេង​បាន​ល្អ​ខ្លាំង​ណាស់ ជា​ពិសេស​ហ្គេម Fornite នេះ​គេ​ថែម​ទាំង​មាន​ក្រុម​ផ្ទាល់​ខ្លួន​ទៀត​ផង គឺ M10 Esports ហើយ​មាន​សមាជិក មាន​ផ្ទះ​លេង​ហ្គេម​ជុំ​គ្នា​មួយ​នៅ​ឯ​អាល្លឺម៉ង់ ដោយ​ក្រៅ​តែ​ពី Fortnite គេ​ក៏​ជា​អ្នក​លេង​ហ្គេម FIFA ដ៏​ជំនាញ​ផង​ដែរ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT