U-19 ឥណ្ឌូនេស៊ី យប់មិញឈ្នះ U-19 ហ្ស៊កដានី ក្នុងប្រកួតមិត្តភាព សុទ្ធសឹងគ្រាប់បាល់សាហាវៗ

គ្រាដែលក្រុមជម្រើសជាតិ U-19 របស់ប្រទេសក្នុងតំបន់អាស៊ាន កំពុងតែត្រៀមខ្លួនមុនចូលរួមព្រឹត្តិការណ៍ AFC U-19 Championship 2018 នៅថ្ងៃទី ១៨ ខែ តុលា ខាងមុខនេះ គេឃើញថា ឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះ បានកំពុងតែស្ទុះស្ទារក្នុងការប្រកួតមិត្តភាពជាមួយប្រទេសខ្លាំងៗមួយចំនួន។

តួរយ៉ាង ២ប្រកួតមិត្តភាពចុងក្រោយនេះ ពួកគេប៉ះសុទ្ធតែក្រុមខ្លាំង រួមមាន អារ៉ាប៊ីសាអូឌីត និង ហ្ស៊កដានី លើប្រភេទយុវជនអាយុក្រោម ១៩ឆ្នាំដូចគ្នា និង ក្រៅពីនោះទៀតក៏មានពានរង្វាន់មិត្តភាពមួយដែលរៀបចំឡើងដោយសហព័ន្ធរបស់ពួកគេ កាលពីខែកញ្ញាកន្លងទៅផងដែរ ដោយអញ្ជើញ ថៃ និងចិន មកចូលរួម។

យ៉ាងណាមិញ ឈ្នះហ្ស៊កដានី ៣ ទល់នឹង ២ កាលពីរាត្រីថ្ងៃសៅរ៍ ម្សិលមិញនេះ ក្រុមយុវជនឥណ្ឌូនេស៊ី បានបង្ហាញនូវប្រព័ន្ធលេងយ៉ាងល្អ ទាំងការប្រយុទ្ធ និងស៊ុតចំគោលដៅច្រើនគ្រាប់តែម្តង ក្នុងនោះ ២គ្រាប់ គឺកើតចេញពីការស៊ុតពីចំងាយកម្លាំងខ្លាំង ។

គួរឱ្យដឹងថានៅក្នុងពានរង្វាន់ AFC U-19 Championship 2018 ឥណ្ឌូនេស៊ី ស្ថិតក្នុងពូល A រួមជាមួយ អារ៉ាប់រួម កាតា និង ឆាយនីស តៃប៉ិ ស្របពេលដែលក្រុមក្នុងតំបន់អាស៊ានផ្សេងទៀត មានដូចជា ថៃ ស្ថិតក្នុងពូល B, វៀតណាម ស្ថិតក្នុងពូល C និង ម៉ាឡេស៊ី ស្ថិតក្នុងពូល D ចាប់ផ្តើមធ្វើការប្រកួតពីថ្ងៃទី ១៨ ខែ តុលា ដល់ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT