៦ រឿង​នឹង​សម្រេច​នៅ​ថ្ងៃ​តែ​មួយ ម៉ោង​តែ​មួយ ជា​កិច្ច​បញ្ចប់​រដូវ​កាល Premier League

នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់ ថ្ងៃ​អាទិត្យ ទី ២២ ឧសភា លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នូវ​គូ​ពិសេស​ជា​ច្រើន ពោល​នឹង​ផ្ដោត​សំខាន់​លើ​កិច្ច​បញ្ចប់​រដូវ​កាល​នៅ Premier League។ សារ​នេះ​ខុស​ពី​ជុំ​មុនៗ ដោយ​សមាគម​បាល់ទាត់​អង់គ្លេស បាន​សម្រេច​ដាក់​ការ​ប្រកួត​ទាំង​អស់ ទៅ​ក្នុង​ថ្ងៃ​តែ​មួយ ម៉ោង​តែ​មួយ ព្រោះ​ដើម្បី​បញ្ចៀស​សកម្មភាព​លំអៀង ឬ​ទង្វើ​ស៊ីសំណូក​ណា​មួយ។

ទន្ទឹម​នោះ យើង​សូម​បង្ហាញ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ៦ ដែល​នឹង​សម្រេច​យក​លទ្ធផល​បញ្ចប់ ត្រឹម​យប់​ថ្ងៃ​អាទិត្យ៖

១) ការ​កំណត់​យក​ម្ចាស់​ពាន PL – រវាង Man City, Liverpool នឹង​មាន​មួយ សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ខណៈ​ពេល​នេះ មេឃ​ខៀវ នាំ​មុខ​ទៅ​លើ​ហង្ស ១ ពិន្ទុ ដូច្នេះ​ខាង​ក្រុម​លោក Pep Guardiola ប្រាកដ​ណាស់ នឹង​មាន​ភាគរយ​ច្រើន​ជាង។ នៅ​ម៉ោង ១០:០០ នាទី​យប់ City នឹង​ត្រូវ​ប៉ះ Aston Villa ស្រប​ពេល​ដែល Liverpool ត្រូវ​ប៉ះ Wolves ហើយ​បើ​ឈ្នះ​ទាំង​ពីរ នោះ​ City ត្រូវ​ក្លាយ​ជា​ម្ចាស់​ពាន។

២) ការ​កំណត់​យក​កៅអី UCL – City, Liverpool និង Chelsea បាន​ធានា​រួចរាល់ នូវ​កៅអី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប​រដូវ​កាល​ក្រោយ នៅ​ឡើយ​ ១ កៅអី​ទៀត នឹង​សម្រេច​នា​ជុំ​ទី ៣៨ រវាង Tottenham Hotspur ឬ​ក៏ Arsenal។ ប្រកួត​ខាង​មុខ បើ Spurs ស្មើ Norwich នោះ​នឹង​បញ្ចប់​រដូវ​កាល​ឈរ​លេខ ៤ ហើយ​បើ​ចាញ់ Norwich ជួន​ពេល Arsenal ឈ្នះ Everton នោះ​នឹង​ឈរ​ចំណាត់ថ្នាក់​ទី ៥។

៣) ការ​កំណត់​យក​កៅអី Europa League – ជាមួយ​គ្នា​នេះ​ដែរ កៅអី Europa League និង Conference League ក៏​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​តែ​មួយ ដោយ​ប្រសិន​ណា​ជា Man Utd អាច​យក​ឈ្នះ Crystal Palace នោះ​ពួក​គេ​នឹង​ឈរ​លេខ ៦ បាន​កៅអី Europa ផ្ទុយ​ទៅ​វិញ បើ​ស្មើ ជួន​ពេល West Ham យក​បាន ៣ ពិន្ទុ​ពី Brighton នោះ​នឹង​ឈរ​លេខ ៧ បាន​ត្រឹម​កៅអី Conference League។

៤) ការ​កំណត់​យក​ក្លឹប​ទី ៣ ដែល​ត្រូវ​ធ្លាក់​ចេញ – Everton ​ឯ​ណោះ​បាន​ឆ្លង​ផុត​ហើយ នៅ​ឡើយ​តែ Burnley និង Leeds United កំណត់​ត្រូវ​មាន​មួយ ធ្លាក់​ចេញ​ទៅ​លីគ​លំដាប់​ទី​ពីរ Championship ជាមួយ​នឹង Watford ក៏​ដូច​ជា Norwich City។ ៣៥ ពិន្ទុ​ស្មើ​សម្រាប់​ក្រុម​ទាំង​ពីរ តែ​គ្រាប់​បាល់​ចំណេញ Burnley មាន​ប្រៀប​ជាង ដូច្នេះ​បើ​ជុំ​ចុង​ក្រោយ ឈ្នះ​ទាំង​ពីរ នោះ Leeds នឹង​កំណត់​ក្លាយ​ជា​ក្រុម​ដែល​ត្រូវ​ធ្លាក់។

៥) ពាន​ឯកត្តជន Top Scorer&Assist – Mohamed Salah មាន ២២ គ្រាប់ នាំ​មុខ​តែ​មួយ​គ្រាប់​គត់​លើ Son Heung-min ដែល​មាន ២១ គ្រាប់។ គ្រប់​គ្នា​កំពុង​ចាំ​អ៊ុត​មើល​ថា តើ​ប្រកួត​ជុំ​ចុង​ក្រោយ ចំនួន​គ្រាប់​បាល់​នឹង​មាន​ការ​ប្រែប្រួល ឬ​នៅ​នឹង​បែប​នេះ។ ស្រដៀង​គ្នា​នឹង Top Assist គឺ​សុទ្ធ​ជា​សមាជិក​ហង្ស ដោយ Salah មាន ១៣ លើក និង Trent Alexander-Arnold មាន ១២ លើក។

៦) ពាន​ស្រោម​ដៃ​មាស – អ្នកចាំទី​ Alisson Becker របស់ Liverpool និង Ederson របស់ Man City កំពុង​មាន​ចំនួន Clean Sheet ២០ លើក​ស្មើ​គ្នា ដូច្នេះ​ប្រកួត​ជុំ​ចុង​ក្រោយ បើ​នរណា​អាច​សង្រ្គោះ​មិន​ឲ្យ​កើត​មាន​គ្រាប់​បាល់​បញ្ចូល​ទី នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ស្រោម​ដៃ​មាស​ប្រចាំ​ឆ្នាំ ២០២២។ ក៏​ប៉ុន្តែ​បើ​ក្នុង​ករណី City និង Liverpool ទប់​បាន ០ គ្រាប់​ដូច​គ្នា នោះ​ពាន​រង្វាន់​នឹង​ត្រូវ​ចែក ដូច​កាល​ជំនាន់​រដូវ​កាល ២០១៨/១៩ ដែល Top Scorer បាន​ទៅ​លើ​កីឡាករ​បី​រូប​នៅ​រដូវ​កាល​តែ​មួយ មាន Mohamed Salah, Sadio Mane និង Pierre-Emerick Aubameyang៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT