ម្តាយ​ Mbappe ចេញ​មុខ​និយាយ​បែប​នេះ ស្រងាក​ចិត្ត​ទាំង​អ្នក​គាំទ្រ PSG/Real Madrid

មាន​ដំណឹង​យប់មិញ​នេះ​ថា Kylian Mbappe បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី រយៈ​ពេល ២ ឆ្នាំ ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain។ តែ​យ៉ាង​ណា​ភ្លាមៗ ក៏​ស្រាប់​តែ​ម្តាយ​បង្កើត​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ ចេញ​មក​ច្រាន​ចោល ថា​វា​មិនមែន​ជា​ការ​ពិត​ទេ។

ជា​ការ​ពិត​សុពលភាព​កុងត្រា​របស់ Mbappe ជាមួយ​ក្លឹប PSG នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​ចម្លើយ​ច្បាស់ការ​បន្ទាប់ គេ​ចង់​ដឹង​ថា យុវជន​បារាំង នឹង​បន្ត​កុងត្រា​ថ្មី ឬ​ក៏​ផ្ទេរ​ចេញ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ទៅ​កាន់​ក្លឹប​អេស្ប៉ាញ Real Madrid។ ក៏​លឺ​ថា ក្លឹប​អេស្ប៉ាញ​កំពុង​ចរចា នៅ​ដំណាក់​កាល​ចុង​ក្រោយ គឺ​ទាក់ទិន​នឹង​ថ្លៃ​ពលកម្ម ព្រោះ​អី​កីឡាករ​ហាក់​ទារ​ខ្ពស់​ជ្រុល ដែល​លើស​លទ្ធភាព​របស់​ក្លឹប។

បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​របស់ Mbappe បាន​បង្ហោះ​សារ​លើ Twitter បែប​នេះ៖ “មិន​ទាន់​មាន​ការ​ព្រមព្រៀង​ណា​មួយ​ទេ រវាង​ភាគី​ក្លឹប PSG ឬ​សូម្បី​តែ​ក្លឹប​ដទៃ​ណា​ក្តី សម្រាប់​ករណី​របស់ Mbappe ហើយ​និយាយ​អំពី​អនាគត​ពេល​ទៅ​មុខ គេ​នឹង​សម្រេច​ឲ្យ​បាន​ល្អ​បំផុត ជាមួយ​នឹង​ការ​គោរព​ដល់​ភាគី​ទាំង​អស់​ដែល​ពាក់ព័ន្ធ”។ គួរ​ឲ្យ​ដឹង​ថា ស្ថិតិ​ Mbappe រដូវ​កាល​នេះ នៅ​តែ​ខ្លាំង ដោយ​បង្ហាញ​ខ្លួន ៤៣ ប្រកួត រក​បាន ៣៥ គ្រាប់​និង Assist ២៣ លើក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT