មាន​គេ​ឆ្ងល់​ច្រើន! បើ Liverpool លើក​ពាន ៤ នៅ​រដូវ​កាល​នេះ តើ​នឹង​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន?

Liverpool កំពុង​បោះ​ជំហាន​ទៅ​មុខ​បាន​យ៉ាង​ល្អ ដ្បិត​បើ​ពេល​ចុង​ក្រោយ​មាន​ការ​ប្រកួត​មមាញឹក​ខ្លាំង តែ​ក្តី​សង្ឃឹម​លើក​ពាន​រង្វាន់ ៤ នៅ​រដូវ​កាល​ទោល គឺ​នៅ​តែ​មាន​ដដែល។ សម្រាប់​រដូវ​កាល ២០២១/២២ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​ឈ្នះ​ពាន EFL Cup មួយ​រួច​មក​ហើយ ខណៈ​នៅ​សល់ ៣ ពាន​ផ្សេង​ទៀត មាន​ដូច​ជា FA Cup, Premier League និង UEFA Champions League។

គ្រប់​គ្នា​កំពុង​ចង់​ដឹង​ជា​ខ្លាំង ថា​តើ​ហង្ស​អាច​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត លើក​ពាន ៤ នៅ​រដូវ​កាល​តែ​មួយ​បាន​ដែរ​ឬ​ទេ? រី​ឯ​មតិ​ខ្លះ​ក៏​មាន​ការ​ងឿងឆ្ងល់ ថា​ប្រសិន​ក្លាយ​ជា​ការ​ពិត​មែន​នោះ ចុះ​ប្រាក់​រង្វាន់ ដែល​ក្លឹប​ម្ចាស់ដី Anfield ទទួល​បាន នឹង​ច្រើន​ដល់​កម្រិត​ណា​ដែរ?

យើង​និយាយ​អំពី​ពាន EFL Cup ឬ Carabao Cup ដែល Liverpool បាន​យក​ឈ្នះ​ទៅ​លើ Chelsea នៅ​បាល់​ប៉េណាល់ទី​កាត់​សេចក្តី​លទ្ធផល ១១-១០ កាល​ពី​ថ្ងៃ​ទី ២៧ ​កុម្ភៈ ពេល​នោះ ហង្ស​ទទួល​បាន​ប្រាក់​រង្វាន់​តែ ១០០ ០០០ ផោន​ប៉ុណ្ណោះ។

ឥឡូវ​ចូល​មក​ដល់​ FA Cup ដែល​ទើប​តែ​យក​ឈ្នះ Man City កាល​ពី​វគ្គ ៤ ក្រុម ក៏​កំណត់​ឲ្យ Liverpool ត្រូវ​ឡើង​មក​ប៉ះ Chelsea ជា​ថ្មី ដែល​បាន​យក​ឈ្នះ Crystal Palace ​នៅ​យប់​មិញ។ កាលបរិច្ឆេទ​ប្រកួត គឺ​នៅ​ថ្ងៃ​ទី ១៤ ​ឧសភា លេង​នៅ​ទឹកដី​កណ្តាល នៃ​កីឡដ្ឋាន Wembley មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ពាន​រង្វាន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​បាល់ទាត់​អង់គ្លេស​មួយ​នេះ បើ Liverpool ឈ្នះ នោះ​នឹង​ទទួល​បាន​ប្រាក់ ១,៨ លាន​ផោន។

បន្ត​ទៅ​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Premier League ដែល​ឈាន​មក​ដល់​ជុំ​ទី ៣១ ហង្ស​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី ២ ចាញ់​គម្លាត ១ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Man City។ នៅ​សេសសល់ ៧ ជុំ​ទៀត ដូច្នេះ​ឱកាស​នៃ​ការ​ប្រជែង​យក​ពាន​លីគ​កំពូល​អង់គ្លេស ក៏​នឹង​មាន​ខ្ពស់​ទៅ​តាម​នោះ​ដែរ ជា​ពិសេស​ប្រសិន​ណា​ City ហ៊ាន​តែ​ភ្លាត់​ស្នៀត​នៅ​ប្រកួត​ណា​មួយ ហើយ​ Liverpool អាច​បន្ត​ទម្រង់​លេង​ដូច​ពេល​បច្ចុប្បន្ន។ ហង្ស​ឈ្នះ​ពាន PL លើក​ចុង​ក្រោយ នៅ​ឆ្នាំ ២០២០ ហើយ​បើ​រដូវ​កាល​នេះ អាច​គ្រង​ជើង​ឯក​ទៀត​នោះ ប្រាក់​រង្វាន់​នឹង​ទទួល​បាន​ប្រហែល ១៥០ លាន​ផោន។

ចុង​ក្រោយ​គឺ​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ដែល​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ Merseyside បាន​យក​ឈ្នះ​ទៅ​លើ Benfica ហើយ​ឆ្ពោះ​មក​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ ក្រុម​សេសសល់ មាន​អង់គ្លេស ២ គឺ City, Liverpool និង​នៅ​អេស្ប៉ាញ ២ គឺ Real Madrid និង Villarreal។ វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ហង្ស​កំណត់​ជួប​នាវា​លឿង Villarreal ស្រប​ពេល​ដែល​មេឃ​ខៀវ ត្រូវ​ជួប​អធិរាជ​ស Real Madrid។

ប្រសិន​អាច​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កំណត់​លេង​នៅ​ចុង​ខែ​ឧសភា ហើយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ជា​ថ្មី ក្រោយ​ខកខាន​កាល​ពី​ឆ្នាំ ២០១៩ នោះ Liverpool នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ប្រមាណ ៦០ លាន​ផោន នេះ​បើ​យើង​រាប់​ទាំង​លទ្ធផល​តាំង​ពី​វគ្គ​ចែក​ពូល មក​ទល់​វគ្គ​ចុង​ក្រោយ។ ដូច្នេះ​សរុប​ប្រាក់​រង្វាន់​នៃ​ពាន ៤ នៅ​រដូវ​កាល​តែ​មួយ​សម្រាប់​ហង្ស គឺ​អាច​ឡើង​ដល់​ជិត ២១២ លាន​ផោន។ អ៊ីចឹង​ចាំ​មើល តើ​ Liverpool នឹង​កើប​ពាន​ម្តង​ទាំង ៤ ឬ​បន្សល់​ពាន​ណា​ខ្លះ​ទុក​ឲ្យ​ក្លឹប​ដទៃ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT