Loftus-Cheek ថា​បរាជ័យ​របស់ Chelsea នៅ EFL នឹង​ត្រូវ​មក​កាត់កង​សង​គ្នា​នៅ FA Cup

ក្លឹប​តោ​ខៀវ Chelsea បាន​យក​ឈ្នះ ២-០ ទៅ​លើ Crystal Palace សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ FA Cup។ គ្រាប់​បាល់​ទាំង​ពីរ​សម្រេច​បាន​ដោយ​កីឡាករ Ruben Loftus-Cheek និង Mason Mount។ នេះ​កំណត់​ឲ្យ​តោ​ ត្រូវ​ឡើង​ទៅ​ជួប​ហង្ស​ក្រហម​ Liverpool សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ខាង​មុខ។

ក្រោយ​ចប់​ប្រកួត​យប់មិញ ប្រាប់​ទៅ​ប៉ុស្តិ៍ ITV Sport ខ្សែ​បម្រើ​ Loftus-Cheek និយាយ៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ជា​អស្ចារ្យ​នៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ [Carabao Cup] សារ​មុន ដូច្នេះ​ពេលវេលា​នេះ យើង​នឹង​សងសឹក​ពួក​គេ យក​ពាន​ឲ្យ​​បាន​វិញ”។

ទន្ទឹម​នោះ ខ្សែ​ប្រយុទ្ធ Mount ក៏​និយាយ​ស្រដៀង​គ្នា៖ “វា​គួរ​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ Wembley សម្រាប់​ខ្ញុំ នេះ​បាន​ចាញ់​វគ្គ​ផ្តាច់ព្រ័ត្រ ៥ លើក​រួច​មក​ហើយ ដូច្នេះ​ក៏​ដល់​ពេល​យើង​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង វា​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​តានតឹង​មួយ យើង​ត្រូវ​យក​ជ័យជម្នះ​ត្រលប់​មក​វិញ”។ រំឭក​ថា Chelsea បាន​ចាញ់​នៅ​បាល់​ប៉េណាល់ទី ១០-១១ ក្រោម​ថ្វី​ជើង​របស់ Liverpool កាល​ពី​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup នៅ​ចុង​ខែ​កុម្ភៈ៕

ប្រភព៖ ITV Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT