​ត្រូវ​ធ្វើ​ការ​ធ្ងន់​ហើយ! ចន្លោះ​ពេល ១០ ​ថ្ងៃ Liverpool ឆ្លង​កាត់​ប្រកួត​ធំ ៤ នៅ​ពាន ៣ ផ្សេង​គ្នា

ក្លឹប​ហង្ស​ក្រហម Liverpool ដ្បិត​ទើប​តែ​យក​ឈ្នះ​ទៅ​លើ Benfica ៣-១ កាល​ពី​ជើង​ទី ១ វគ្គ ៨ ក្រុម​ UCL ក្នុង​ទឹកដី​ប្រទេស​ព័រទុយហ្គាល់ ក៏​ប៉ុន្តែ​ងាក​ទៅ​មើល ពេលវេលា​ទៅ​មុខ ពួក​គេ​ក៏​នៅ​បន្ត​ភារកិច្ច​ធំ​ជា​ច្រើន​ទៀត​ដែរ។ បញ្ជាក់​បន្តិច នៅ​ការ​ប្រជែង​ពាន​រង្វាន់ ៤ ប្រចាំ​រដូវ​កាល ២០២១/២២ គឺ​មាន​មួយ ដែល​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បានសម្រេចរួចរាល់ នោះ​គឺ EFL Cup ឬ Carabao Cup ខណៈ ៣ ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​ប្រកួត។

បើ​រាប់​ចាប់​ពី​ចុង​សប្តាហ៍ ថ្ងៃ​ទី ១០ មេសា​ត​ទៅ ហង្ស​នឹង​ត្រូវ​ឆ្លង​កាត់​ប្រកួត​ធំ ៤ នៅ​ពាន​ ៣ ផ្សេង​គ្នា ហើយ​ក៏​សុទ្ធ​សឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៖

១) Man City ប៉ះ Liverpool

នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់ ថ្ងៃ​អាទិត្យ ទី ១០ មេសា ក្លឹប​ម្ចាស់ដី Etihad ត្រូវ​កំណត់​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​ភ្ញៀវ Liverpool ជា​ជំនួប​ជុំ​ទី ៣១ នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League។

សារ​នេះ រាប់​ថា​សំខាន់ ព្រោះ​អី​គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ គឺ​ហង្ស​ចាញ់​មេឃ​ខៀវ តែ ១ ពិន្ទុ​គត់។ ដូច្នេះ​បើ​សារ​នេះ​ស្មើ គឺ​ចំណាត់ថ្នាក់​នៅ​រក្សា​ដដែល តែ​បើ Liverpool ឈ្នះ នោះ​ពួក​គេ​នឹង​រំកិល​មក​ឈរ​លេខ ១ បណ្ដោះ​អាសន្ន ហើយ​បើ​ចាញ់ នោះ​ក្តី​សង្ឃឹម​ប្រជែង​ពាន PL ក៏​នឹង​កាន់​តែ​ស្តួចស្តើង។ បញ្ជាក់​ថា កាល​ពី​ជើង​ទី ១ នៅ​ទឹកដី Anfield ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ២-២។

២) Liverpool ប៉ះ Benfica

កាល​ពី​ជើង​ទី ១ នៅ​ទឹកដី​ព័រទុយហ្គាល់ ខាង​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​យក​ឈ្នះ ៣-១ ជា​ទុន​ធំ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Champions League។ តែ​យ៉ាង​ណា​គេ​នៅ​រង់ចាំ​អុត​មើល​លទ្ធផល​ជើង​ទី ២ នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ មេសា ជា​ប្រកួត​កំណត់​ថា តើ​អភិនិហា​នឹង​អាច​កើត​ឡើង​សម្រាប់​ Benfica ឬ​អត់?

៣) Man City ប៉ះ Liverpool

អត់​ច្រឡំ​ទេ Man City នឹង​ត្រូវ​មក​ជួប Liverpool ជា​ថ្មី នៅ​រំលង ៦ ​ថ្ងៃ​ បន្ទាប់​ពី​ការ​ជួប​គ្នា​នៅ​លីគ​កំពូល។ តែ​សារ​នេះ ជា​ការ​ជួប​ដើម្បី​កំណត់​យក​ក្រុម​ឈ្នះ​ចាញ់ ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ FA Cup។

កាលបរិច្ឆេទ​ប្រកួត ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៩:៣០ នាទី​យប់ ថ្ងៃ​សៅរ៍ ទី ១៦ មេសា នៅ​ឯ​ទឹកដី​កណ្តាល នៃ​កីឡដ្ឋាន Wembley Stadium។ បើ​ក្រុម​ណា​ឈ្នះ នោះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​គូ Chelsea ប៉ះ Crystal Palace នៅ​យប់​ថ្ងៃ​បន្ទាប់។

៤) Liverpool ប៉ះ Man Utd

រំលង​តែ ៤ ថ្ងៃ ចូល​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​មួយ​ទៀត គឺ Liverpool ​នឹង​ត្រូវ​ទទួល​ការងារ​ធ្ងន់ ដោយ​ត្រូវ​បើក​កីឡដ្ឋាន Anfield វេលាម៉ោង ០២:០០ នាទីទាបភ្លឺ ថ្ងៃពុធ ទី ២០ មេសា ស្វាគមន៍​ក្លឹប​បិសាច​ក្រហម Man Utd ជា​ជំនួប​ជុំ​ទី ៣២ នៅ Premier League។

ប្រកួត​សារ​នេះ​ក៏​សំខាន់​ដែរ ដោយ​ឧបមា​ថា បើ​ប៉ះ City ហង្ស​អាច​យក​ឈ្នះ ហើយ​មក​ប៉ះ​ United បន្ត​ឈ្នះ​ទៀត​នោះ អ៊ីចឹង​ប្រកួត​សេសសល់ ៦ ជុំ គឺ​សង្ឃឹម ៩០ ភាគរយ​ហើយ ថា Liverpool នឹង​អាច​ក្លាយ​ជា​ម្ចាស់​ពាន​លីគ​កំពូល ក្រោយ​ខកខាន​លើក​កាល​ពី​ឆ្នាំ ២០២០៕

ប្រភព៖ បរទេស​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT