(វីដេអូ) Pedri ថា​មួយ​ជើង​យប់​មិញ ដឹង​មុន​ហើយ ថា​នឹង​ចូល​ទី

ក្លឹប Barcelona បាន​ហក់​មក​លេខ ២ នៅ​តារាង La Liga បន្ទាប់​យក​ឈ្នះ​ទៅ​លើ Sevilla តាម​រយៈ​លទ្ធផល ១-០។ នោះ​កើត​ឡើង​ចេញ​ពី​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ​វ័យ​ក្មេង Pedri ដែល​ស៊ុត​បាល់ Solo Goal បាន​យ៉ាង​ល្អ មុន​ចប់​ការ​ប្រកួត ២០ នាទី​ចុង​ក្រោយ។

យុវជន​វ័យ ១៩ ឆ្នាំ បាន​កិប​អស់​ចង្កេះ​កីឡាករ Sevilla ២ រូប មុន​ស៊ុត​បាល់​រ៉ា​ផុត​ដៃ​អ្នកចាំទី​យ៉ាង​ស្អាត ទៅ​ជ្រុង​ម្ខាង តាម​រយៈ​ការ​ស៊ុត​ក្រៅ​ប្រអប់​ថែម​ទៀត​ផង។ ជុំវិញ​គ្រាប់​បាល់​នេះ ក៏​ត្រូវ​បាន​កីឡាករ​អេស្ប៉ាញ និយាយ៖ “ខ្ញុំ​គិត​ថា​វា​ស្រដៀង​នឹង​គ្រាប់​បាល់ ដែល​ស៊ុត​កាល​នៅ​ទឹកដី​ទួរគី [ទល់​ក្លឹប Galatasaray] ដោយ​ពេល​ខ្ញុំ​ឃើញ​ការ​ព្យាយាម​ឈូស គឺ​ខ្ញុំ​អូស​បាល់​ផុត ហើយ​ពេល​យារ​ជើង​ស៊ុត​បាល់ គឺ​ដឹង​មុន​ហើយ ថា​វា​នឹង​ចូល​ទី”។

គេ​បន្ត​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ហើយ​ស្រលាញ់​គ្រាប់​បាល់​នេះ​ជា​ខ្លាំង ដោយ​អ្នក​គាំទ្រ Barca គឺ​ជា​អ្នក​គាំទ្រ​ដ៏​ល្អ​បំផុត​ក្នុង​លោក”។ គួរ​រំឭក​ថា សូម្បី​តែ​អ្នកចាត់ការ​លោក Xavi Hernandez ក៏​មាន​ការ​សាទរ​ខ្លាំង​ដែរ ដល់​ថ្នាក់​និយាយ​ថា Pedri គ្មាន​នរណា​អាច​ប្រដូច​បាន​ឡើយ បើ​និយាយ​អំពី​សមត្ថភាព និង​កត្តា​អាយុ​របស់​គេ​សព្វថ្ងៃ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/BOnqRS-zwIs

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT