Liverpool ចូល​ប្រជ្រៀត Chelsea/Man Utd តាម​ប្រមាញ់​កីឡាករ​តម្លៃ​រយ​លាន

ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp គឺ​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​បម្រើ​ការពារ​នៃ​ក្លឹប West Ham United ដែរ​ហើយ​នៅ​ពេល​ចុង​ក្រោយ នោះ​គឺ​កីឡាករ​តម្លៃ​រយ​លាន Declan Rice។

តាម​ការ​ប្រកាស​ពី​ក្លឹប West Ham ​ថ្ងៃ​មុន យ៉ាង​តម្លៃ​យ៉ាង​តូច គឺ ១៥០ លាន​ផោន ទើប​ព្រម​គិតគូរ​អនុញ្ញាត​ឲ្យ​កីឡាករ​អង់គ្លេស​ចាកចេញ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ មាន​ទាំង​ក្លឹប Chelsea និង Man Utd ជា​ដើម ដែល​ចាប់​អារម្មណ៍​ទៅ​លើ Rice ឥឡូវ​មក​ថែម​ Liverpool មួយ​ទៀត​ហើយ។ នេះ​បើ​តាម​សារព៧ត៌មាន Football Insider បាន​ចុះ​ផ្សាយ។

ប្រភព​បន្ត​ថា ក្លឹប​ម្ចាស់ដី Anfield មាន​ជម្រើស​ពីរ​ក្នុង​ដៃ ដោយ​រវាង Jude Bellingham និង Declan Rice ដែល​ពួកគេ​សុទ្ធ​ជា​កីឡាករ​មាន​តម្លៃ​ខ្ទង់​រយ​លាន​ប្រហែល​គ្នា។ យ៉ាង​ណា​គេ​ជឿ​ថា របៀប​លេង​របស់ Rice ប្រាកដ​ជា​នឹង​អាច​សម្រប​បាន​ឆាប់​រហ័ស​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៣ ឆ្នាំ បាន​មក​ចូលរួម​ឲ្យ West Ham ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ដោយ​បង្ហាញ​ខ្លួន​សរុប ១៨៣ ប្រកួត រក​បាន ៩ គ្រាប់​និង Assist ៩ លើក។ គេ​សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ពេល​ចុង​ក្រោយ នៅ​រាប់​ជា​ចំណែក​ខ្វះ​ពុំ​បាន របស់​អ្នកចាត់ការ​លោក David Moyes៕

ប្រភព៖ Football Insider

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT