Paulo៖ “ខ្ញុំ​យក Ronaldo ហើយ ព្រោះ Messi ត្រឹម​ជា​មនុស្ស​ក្រៅ​ភព ដែល​គ្មាន​បេះដូង”

ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi គឺ​គ្មាន​ទេ ពាក្យ​ថា បញ្ចប់ ហើយ​ថ្មីៗ​នេះ អតីត​ជើង​ចាស់​លោក Paulo Di Canio ក៏​បាន​ចេញ​មក​បង្ហាញ​ការ​យល់​ឃើញ​វិញ​ម្តង ដោយ​ចម្លើយ​របស់​លោក គឺ​ជ្រើស​យក​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់។

និយាយ​ពី​ស្ថានភាព​ចុង​ក្រោយ Ronaldo ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​មិន​បាន​ចូល​លេង​ទល់ Man City បែរ​ជា​មក​រក​បាន Hat-trick សម្ញែង​សាច់​ដុំ​សង​ភ្លាមៗ នៅ​ការ​ប្រកួត​បន្ទាប់​ទល់ Tottenham Hotspur។ រី​ឯ Messi ក្រៅ​ពី​ធ្វើ​មិន​បាន​ល្អ នៅ​បរាជ័យ​ទល់ Real Madrid នៅ UCL ហើយ មក​ដល់​ប្រកួត​បន្ទាប់ ក៏​មិន​បាន​បង្កើត​ផ្លែផ្កា​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ និង​បែរ​ជា​ទទួល​សំឡេង​ស្រែក​ចំអក​ពី​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន​ PSG ថែម​ទៀត។

លោក Paulo និយាយ​ប្រាប់ Sky Sports បែប​នេះ៖ “Messi គេ​គ្មាន​អារម្មណ៍​ទេ យើង​និយាយ​អំពី Cristiano Ronaldo ចំពោះ​គេ បើ​សួរ​ថា ព្រម​អង្គុយ​បម្រុង​ទល់ Man City ឬ​អត់ គេ​នឹង​អត់​ទៅ​ចូលរួម​ទេ ហើយ​គេ​សុខ​ចិត្ត​ហោះ​ទៅ​ព័រទុយហ្គាល់ គេ​សម្រាក ហើយ​ត្រលប់​មក​វិញ គេ​រក​បាន Hat-trick”។

លោក​សង្កត់​ធ្ងន់៖ “ដូច្នេះ​រវាង​អ្នក​ទាំង​ពីរ បើ​មិន​និយាយ​ពី​ទេពកោសល្យ​ ខ្ញុំ​សូម​ជ្រើស​យក​មនុស្ស​ធម្មតា​ដូច​ជា Ronaldo ហើយ ដែល​គេ​មាន​ព្រលឹង មាន​បេះដូង មាន​អារម្មណ៍​ចេះ​ឈឺចាប់ ខុស​ពី Messi មិន​ថា​តែ​នៅ​ជម្រើស​ជាតិ ហើយ​ទោះ​បី​ពេល​នេះ គេ​ទទួល​សំឡេង​ចំអក​ពី​អ្នក​គាំទ្រ ក៏​កាយវិការ​របស់​គេ​មិន​ផ្លាស់ប្តូរ​ដដែល គេ​ជា​មនុស្ស​ក្រៅ​ភព​ដែល​គ្មាន​បេះដូង”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT