Sarri ថា​ហេតុផល​នេះ ទើប​ Ronaldo មិន​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ជាមួយ Man Utd

អតីត​អ្នកចាត់ការ​ក្លឹប Juventus និង​សព្វថ្ងៃ​កំពុង​ដឹកនាំ ក្លឹប Lazio គឺ​លោក Maurizio Sarri បាន​និយាយ​ថា Cristiano Ronaldo មូលហេតុ​ដែល​មិន​អាច​រក​បាន​គ្រាប់​បាល់​ច្រើន គឺ​មក​ពី​គ្រូ​ពុំ​បាន​ដាក់​ឲ្យ​គេ​លេង​នៅ​តំណែង​ប្រយុទ្ធ​ស្លាប ហើយ​បែរ​មក​ដាក់​ឲ្យ​លេង​ប្រយុទ្ធ​កណ្តាល។

រំឭក​ទៅ​កាល​នៅ Juventus ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​មាន​រហស្សនាម “ស្តេច​បារី” នៅ ៤៦ ប្រកួត Ronaldo អាច​រក​បាន​ដល់​ទៅ ៣៧ គ្រាប់។ នេះ​មក​ក្លឹប Man Utd ៣០ ប្រកួត ទើប​តែ​រក​បាន ១៥ គ្រាប់​ប៉ុណ្ណោះ ពោល​ក៏​មិន​រំពឹង​ថា អាច​ឈាន​ដល់ ២០ គ្រាប់​ងាយៗ​ដែរ​នៅ​បញ្ចប់​រដូវ​កាល។

លោក Sarri និយាយ៖ “ឆ្នាំ​ដែល Ronaldo រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ទឹកដី​អ៊ីតាលី គឺ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ ពេល​នោះ គេ​ត្រៀម​សម្រាប់​លេង​ប្រយុទ្ធ​កណ្តាល​តែ​ក្នុង​ករណី​ចាំ​បាច់​ប៉ុណ្ណោះ ជា​រួម​ទៅ គេ​អត់​ចូលចិត្ត​លេង​ប្រយុទ្ធ​កណ្តាល​ជា​ទម្លាប់​ពេក​ឡើយ”។

លោក​បន្ត៖ “ដូច្នេះ​កុំ​បង្ខំ​គេ​ឲ្យ​លេង​តំណែង​នោះ​អី Ronaldo គេ​អាច​រក​បាន ៤០ ឬ ៥០ គ្រាប់ តាម​រយៈ​ការ​លេង​តំណែង​ហ្សីន​របស់​គេ ជា​ជាង​ការ​លេង​នៅ​កណ្តាល ដូច្នេះ​ហើយ​បើ​ធ្វើ​ដូច​សព្វថ្ងៃ គឺ​អត់​មាន​ន័យ​អី​ទេ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT