ការប្រកួតពានរង្វាន់អឺរ៉ុបChampions League ឆ្នាំនេះ ដើមឡើយបានកំណត់ធ្វើនៅកីឡដ្ឋាន Krestovsky Stadium ក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ យ៉ាងណាតាមដំណឹងចុងក្រោយ សមាគមបាល់ទាត់អឺរ៉ុប ទំនងជានឹងសម្រេចផ្លាស់ប្តូរហើយ។
ក៏ដោយសារតែ UEFA ចង់ប្រឆាំង និងមិនគាំទ្រដាច់ខាតដល់ចំណាត់ការរបស់លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការប្រកាសនូវការធ្វើសង្រ្គាមទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញ។ ក្រោយឃើញសញ្ញាវិវត្តនៃសង្គ្រាមខាងលើ UEFA ក៏សម្រេចរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការប្រតិបត្តិដើម្បីពិភាក្សាអំពីបញ្ហានេះ តែយ៉ាងណាតាមសារព័ត៌មាន Associated Press បានជឿជាក់ថា ការផ្លាស់ប្តូរពិតណាស់ នឹងកើតមានឡើង។
ប្រធាន UEFA បានកោះហៅសមាជិកពាក់ព័ន្ធទាំងអស់ឲ្យមកចូលរួមប្រជុំបន្ទាន់នេះហើយ ដោយនឹងធ្វើការវាយតម្លៃ ហើយចេញជាលទ្ធផលសម្រេចនៅពេលដ៏ខ្លីខាងមុខ។ មិនច្បាស់ថាកីឡដ្ឋានបន្ទាប់ ដែល UEFA កំណត់ជ្រើសយក នឹងស្ថិតនៅប្រទេសណាមួយឡើយ៕
ប្រភព៖ SportBible