E-Sports ពិចារណាដកពីស៊ីហ្គេម២០២៣ បើជម្រុះមិនបានទៅលេងស៊ីហ្គេមវៀតណាម

ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) លើកឡើងថា «ប្រសិនបើប្រភេទកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ទេ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នា ថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?»។ នេះជាការបង្ហាញនូវការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម នៅក្នុងឱកាសសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបញ្ជាក់ទៀតថា «សម្រាប់ការត្រៀមស៊ីហ្គេម ឆ្នាំ២០២២នេះ ខ្ញុំមិនចង់និយាយអំពីថាតើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីក្រាហ្វិចកើនឡើងពីចន្លោះស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ថាតើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ខ្ញុំនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏អត់មានន័យអ្វីដែរ»។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ចំពោះក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវមួយចំនួន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT