រ៉ាត់ធីឌុន និងចន្ទចរិយ៉ា ឈ្នះជើងឯកហែលទឹកទីឆ្ងាយ ៥០០០ម៉ែត្រ-៣០០០ម៉ែត្រ

កីឡាករ ឌឿន រ៉ាត់ធីឌុន ឈ្នះជើងឯកវិញ្ញាសា ៥០០០ម៉ែត្រ ខណៈកីឡាការិនី ឃឺន ចន្ទចរិយ៉ា គ្រងជើងឯកវិញ្ញាសា ៣០០០ម៉ែត្រ ក្នុងការប្រកួតហែលទឹកទីឆា្ងយដែលធ្វើឡើងនាពហុកីឡដ្ឋានមរតកតេជោ កាលពីម្សិលមិញ។

ឌឿន រ៉ាត់ធីឌុន ធ្វើសម្រេចក្នុងថិរៈវេលា ១:១០:០៣.៣០, លេខ២ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧ និងលេខ៣ បានទៅលើកីឡាករ ទួន ទិត្យសត្យា។ វិញ្ញាសាហែលទីឆ្ងាយ ៣០០០ម៉ែត្រ នារី លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ធ្វើសម្រេចក្នុងថិរៈវេលា ៤៥:០៨.៩៦, លេខ២ កាំង មុយនីន និងលេខ៣ សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ។

លោក ហែម គីរី សង្កត់ធ្ងន់ថា ចំពោះជ័យលាភីមេដាយមាស កីឡាការិនី ឃឺន ចន្ទចរិយ៉ា គឺជាកីឡាការិនីវ័យក្មេងបំផុត ដែលទើបមានអាយុ១២ឆ្នាំប៉ុណ្ណោះនាពេលបច្ចុប្បន្ន ហើយជាការកត់សម្គាល់គឺគាត់តែងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា ដោយអាចយកឈ្នះកីឡាការិនីផ្សេងៗទៀត ក្នុងប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ។

លោកដាក់ក្តីសង្ឃឹមថា ជាមួយនឹងការខិតខំនេះ លោកជឿជាក់ថា កីឡាករ កីឡាការិនិនឹងបន្តបង្កើនគុណភាពច្ចេកទេស ដោយអាចស្វែងរកមេដាយពីលើឆាកអន្តរជាតិបាន ជាពិសេសគឺគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពីព្រោះថា កីឡាករ កីឡាការិនីជម្រើសជាតិនៅវ័យក្មេងៗ ដែលជាក្តីសង្ឃឹមខ្ពស់ នៃដំណើរការអភិវឌ្ឍបន្តទៅមុខទៀត។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT