អ្នកចាត់ការក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez បានស្ថិតក្នុងចចាមអារ៉ាម ជាបេក្ខភាពអាចទៅដឹកនាំ Barcelona បន្ទាប់ពីលោក Ronald Koeman ហើយតាមលឺ ក្លឹបអេស្ប៉ាញត្រូវចាយលុយផ្តាច់កុងត្រាជាង ២ លានដុល្លារ ដើម្បីថ្ពក់យកគ្រូសញ្ជាតិអេស្ប៉ាញចេញពីងារនៅសហព័ន្ធបាល់ទាត់បែលហ្សិក។
យ៉ាងណាតាមការឆ្លើយតបចុងក្រោយនេះ ពីបុរសវ័យ ៤៨ ឆ្នាំ បាននិយាយយ៉ាងខ្លីថា មិនដឹកឲ្យត្រូវបកស្រាយយ៉ាងម៉េច អំពីចចាមអារ៉ាមខាងលើ ពោលជាការបដិសេធ ដោយមិនបើកភ្លើងខៀវអ្វីទាល់តែសោះ។
ប្រាប់ Eurosport.fr លោក Martinez ថា៖ “ដូចអ្នកអាចស្រមៃបាន គឺវាគ្មានអ្វីទាំងអស់ និយាយទៅគឺខ្ញុំមិនដឹងនិយាយយ៉ាងម៉េច ដោយជាការពិតចចាមអារ៉ាម វាតែងតែកើតមានហើយក្នុងពិភពបាល់ទាត់”។
លោកបន្ត៖ “ពេលអ្នកចាញ់ ៣ ប្រកួត កើតមានចចាមអារ៉ាម ថាតំណែងអ្នកអាចនឹងត្រូវបាត់បង់ ពេលអ្នកធ្វើបានល្អ មានលទ្ធផលល្អ ក៏នៅតែមានចចាមអារ៉ាមបែបនេះបែបនោះ ដូច្នេះហើយរឿងនេះ ខ្ញុំសូមមិនឆ្លើយតបអ្វីទាំងអស់”៕
ប្រភព៖ Eurosport.fr