ក្នុងដំណើរទៅបោះជំរុំហ្វឹកហាត់នៅប្រទេសអេស្ប៉ាញរយៈពេល ១សប្តាហ៍កន្លងមក កាលពីយប់មិញនេះ ក្រុមជម្រើសជាតិឡាវ បានប្រកួតមិត្តភាពចាញ់ក្រុមជម្រើសជាតិអារ៉ាប់រួម ៣-០ នៅឯទីក្រុងបាសេឡូណា។
បើនិយាយទៅ លទ្ធផលបរាជ័យនេះ មិនមានអ្វីធំដុំឡើយសម្រាប់ឡាវ ព្រោះបើនិយាយអំពីចំណាត់ថ្នាក់ FIFA Ranking វិញ ក្រុមទាំងពីរមានគម្លាតពីគ្នាដល់ទៅ ១០១លេខឯនោះ ពោលគឺ អារ៉ាប់រួម លេខ ៧៧ រីឯ ឡាវ លេខ ១៧៨ ។
គួរបញ្ជាក់ថា ពួកគេនឹងត្រូវចូលរួមពានរង្វាន់ Bangabanhdu Gold Cup 2018 នៅប្រទេសបង់ក្លាដែស ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែ តុលា ។
ត្រឡប់មកប្រទេសឡាវវិញ ពួកគេក៏នឹងប្រកួតមិត្តភាពចុងក្រោយជាមួយនឹងជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី ១៦ ខែ តុលា មុនត្រៀមខ្លួនចូលរួមការប្រកួត Suzuki Cup ពូល A ប្រកួតបើកឆាកទល់នឹងវៀតណាម នៅថ្ងៃទី ៨ ខែ វិច្ឆិកា ៕