Jack Grealish បានបំបែកកំណត់ត្រាតម្លៃផ្ទេរខ្ពស់បំផុតរបស់កីឡាករសញ្ជាតិអង់គ្លេស ដែលបានមកចូលរួមនៅ Manchester City ជាមួយកុងត្រារយៈពេល ៦ ឆ្នាំ។ ការមកដល់របស់អតីតកូនក្រុម Aston Villa គេជឿថា នឹងអាចជួយជ្រោមជ្រែងក្លឹបបានច្រើននៅតំបន់បម្រើ ក៏ដូចជាស្លាប។
ជាមួយការបង្ហាញខ្លួននៅក្លឹបថ្មីសារនេះ កីឡាករវ័យ ២៥ ឆ្នាំក៏បានលើកសរសើរដល់មិត្តរួមក្រុមថ្មី គឺ Kevin de Bruyne ថាកម្រិតរបស់គេ គឺឈរបន្ទាប់ពី Cristiano Ronaldo និង Lionel Messi ពោលជាកីឡាករលំដាប់ទី ៣ ល្អបំផុតនៅពេលបច្ចុប្បន្ន។
Grealish ថា៖ “ខ្ញុំធ្លាប់បាននិយាយអំពីគាត់ [De Bruyne] ប៉ុន្មានសារហើយដែរ ដោយបន្ទាប់ពី Ronaldo និង Messi ទៅ ខ្ញុំគិតថាគាត់ហ្នឹងហើយល្អបំផុតក្នុងលោក ដោយខ្ញុំគិតថាគាត់យកបានគ្រប់យ៉ាង ស្ថិតនៅកម្រិតមួយដែលមនុស្សជាច្រើនមិនទាន់មើលដល់”។
លោកបន្ត៖ “ដោយនៅរដូវកាលដែលមុនខ្ញុំរកបានគ្រាប់បាល់ Assist ៦ លើក ខ្ញុំបានអង្គុយជាមួយអ្នកចាត់ការហើយមើលវីដេអូរបស់ Kevin de Bruyne ហើយខ្ញុំនិយាយថា របៀបហ្នឹងហើយជាអ្វីដែលខ្ញុំចង់ធ្វើ ដោយខ្ញុំចង់លេងបាល់ដូចជារបៀបរបស់គាត់ ហើយខ្ញុំក៏ចាប់ផ្តើមអនុវត្តតរៀងមក បន្ទាប់មកទៅមើលរដូវកាលមុនខ្ញុំ Assist បាន ១០ លើកនៅ ២៥ ឬ ២៦ ប្រកួត ដែលវាជាលទ្ធផលតបស្នងមកវិញយ៉ាងល្អ”៕
ប្រភព៖ Goal