ប្រវត្តិ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម Muang Thong ​ពិត​ជា​មិន​ធម្មតា​មែន

SCG Muang Thong United ​បាន​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ហើយ ​ឈ្មោះ​ថា Radovan Curcic ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម​។

បុរស​វ័យ​៤៦​ឆ្នាំ​ខាង​លើ​នេះ ​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​សែប ​កាល​ពី​ឆ្នាំ​២០១៤​ដល់​២០១៦។ ត្រឹម​វ័យ​៤៦​ឆ្នាំ​នេះ Radovan ​ធ្លាប់​បាន​ដឹក​នាំ​ក្រុម​អាជីព​​ជា​ច្រើន​ រួម​មាន Javor Ivanjica (២០០៣​ដល់​២០០៦) Borac Čačak ​(២០០៦ដល់​២០០៧)​និង​ដឹក​នាំ​ក្រុម​  Javor Ivanjica ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០០៧​ដល់​២០១០។ ​ចន្លោះ​ឆ្នាំ ២០១០ ​ដល់​២០១២ ​លោក​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​សែប ​មុន​ពេល​មាន​ឱកាស​ឡើង​កាន់​តែ​គ្រូ​បង្វឹក​ធំ​តែ​ម្ដង។

ក្នុង​ការ​មក​ដឹក​នាំ​ក្រុម​ថៃ SCG Muang Thong United ​នេះ ​លោក Radovan ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​កាន់​ក្លឹប​នេះ ​ហើយ​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​ក្រុម​ទៅ​ដល់​ចំណុច​កំពូល​វិញ។  Muang Thong ​ជា​ក្រុម​ធំ​ជាង​គេ​នៅ​ប្រទេស​ថៃ ​ជាមួយ​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ ​យើង​នឹង​ត្រលប់​ទៅ​រក​សភាព​ដើម​របស់​យើង​វិញ”។

Curcic ​ជា​គ្រូ​បង្វឹក​បរទេស​ទី​៩​របស់​ក្រុម Muang Thong ​បន្ទាប់​ពី​លោក Rene Desaeyere, Carlos Roberto Carvalho, Henrique Calisto, Robbie Fowler, Slavisa Jokanovic, Winfried Schafer, Scott Cooper ​និង Dragan Talajic។ បច្ចុប្បន្ន ​ក្រុម​មួយ​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥​ក្នុង​តារាង​លីគ​កំពូល​ថៃ ​ដោយ​ឆ្លង​កាត់​១៣​ប្រកួត ​មាន​២១​ពិន្ទុ ចាញ់​ក្រុម​កំពូល​តារាង Buriram United ​ដែល​មាន​២៩​ពិន្ទុ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT