មួយរយៈចុងក្រោយមានដំណឹងថា ក្លឹបតោខៀវ Chelsea ហាក់ចាប់អារម្មណ៍លើកីឡាករ Jules Kounde ជាខ្លាំង ដោយចង់ចរចានាំយកគេនៅទីផ្សារដោះដូររដូវក្តៅនេះ ហើយឥឡូវខាងភាគីក្លឹបអាណាព្យាបាល Sevilla ក៏បើកភ្លើងខៀវ តែដាក់តម្លៃរាងកល់មិនគួរឲ្យជឿ។
បើតាមការចុះផ្សាយរបស់ Goal បានឲ្យដឹងថា ក្លឹបនៅប្រទេសអេស្ប៉ាញ ទាមទារឲ្យ Chelsea ចំណាយ ៨០ លានអឺរ៉ូ ឬជាង ៩៥ លានដុល្លារ ប្រសិនជាចង់បានកីឡាករវ័យ ២២ ឆ្នាំដ៏មានទេពកោសល្យរូបនេះពិតមែន។ តម្លៃនេះផ្ញើទៅបណ្តាក្លឹបទាំងអស់មិនថាតែ Chelsea, Real Madrid និង Man Utd ដែលលឺដំណឹងចង់បាន Kounde។
រំឭកថា ខ្សែការពារកណ្តាលខាងលើ សេសសល់សុពលភាពកុងត្រាជាមួយ Sevilla ដល់ឆ្នាំ ២០២៤។ ជាមួយការចាយពេលជាង ២ ឆ្នាំនៅ Sevilla គេបានបង្ហាញខ្លួនជាប់លាប់ សឹងតែគ្រប់ការប្រកួតដោយសរុប ៨៩ ប្រកួត រកបាន ៦ គ្រាប់និង Assist ២ លើកដែរ។ គេក៏ស្ថិតនៅចំណែកជួយឲ្យក្លឹបលើកពាន Europa League កាលពីរដូវកាល ២០១៩/២០ ផងដែរ៕
ប្រភព៖ Goal