អ្នកចាំទី David de Gea បានកាត់បន្ថយថ្ងៃសម្រាកលំហែកាយរបស់ខ្លួន ដើម្បីប្រញាប់មកហ្វឹកហាត់នៅជំរុំរបស់បិសាចក្រហម Manchester United វិញ។
ការមកលឿននេះ គឺដើម្បីប្រជែងយកដៃទី១វិញ ក្រោយពីចុងរដូវកាលកន្លងទៅ រូបគេមិនមានឱកាសលេងនោះទេ ដោយសារលោក Ole ផ្ដល់ទំនុកចិត្តលើ Dean Henderson ជាង។ ខណៈដែល De Gea វិញ នៅជម្រើសជាតិអេស្ប៉ាញកាលពីព្រឹត្តិការណ៍ Euro 2020 កន្លងទៅ ក៏មិនបានលេងដែរ។ ដោយនេះបញ្ជាក់ថាដៃទី១របស់គេទាំងនៅជម្រើសជាតិ និងក្លឹបក៏កំពុងស្រពិចស្រពិលហើយ។
ដើម្បីជាការពង្រឹងសមត្ថភាពវិញត្រៀមរដូវកាលថ្មីនោះ ទើបកីឡាករវ័យ៣០ឆ្នាំសម្រេចចិត្តបន្ថយថ្ងៃសម្រាក និងប្រញាប់មកហ្វឹកហាត់វិញ។ ខណៈដែល Dean Henderson ដែលមានឈ្មោះក្នុងបញ្ជីក្រុមអង់គ្លេសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Euro 2020 នោះ បានមកហ្វឹកហាត់ជាមួយក្រុមវិញបាត់ទៅហើយ៕