ក្លឹបបិសាចក្រហម Man Utd ទំនងជានឹងមិនបញ្ចប់ការចង់បានកីឡាករថ្មីត្រឹមប៉ុណ្ណេះទេ ដ្បិតបើទើបយកបាន Jadon Sancho ពី Borussia Dortmund ហើយក៏ដោយ។ តាមរបាយការណ៍ចុងក្រោយពី TheSun ចុះផ្សាយថា ក្លឹបម្ចាស់ដី Old Trafford បានសម្លឹងឃើញគោលដៅ ២ រូបទៀតនៅ La Liga ហើយកំពុងត្រៀមកញ្ចប់លុយដល់ជិត ៨០ លានអឺរ៉ូ។
ប្រភពបានឲ្យដឹងថា កិច្ចចរចារវាងភាគីខាង United និងក្លឹបអាណាព្យាបាល Real Madrid/Atletico Madrid កៀកនឹងឈានដល់សេចក្តីសម្រេចហើយ ដោយ United ព្រមឲ្យតម្លៃខ្លួន Raphael Varane ប្រមាណ ៥៨ លានអឺរ៉ូ ហើយតម្លៃខ្លួន Kieran Trippier ប្រមាណ ២១ លានអឺរ៉ូ។
តាមពិតទៅ Real Madrid ចង់បានតម្លៃខ្លួន Varane ដល់ ៧០ លានអឺរ៉ូ តែក្រោយមកប្រហែលជាចរចាត្រូវរ៉ូវទើបលឺថាព្រមលក់ត្រឹម ៥៨ លានអឺរ៉ូវិញ។ រីឯករណីជាមួយ Trippier ប្រភពបានសង្កត់ធ្ងន់ថា កៀកនឹងឈានដល់ការសម្រេច ១០០ ភាគរយហើយ។
ពួកគេមួយលេងតំណែងការពារស្លាប និងមួយផ្សេងទៀតតំណែងការពារកណ្តាល ដូច្នេះបើអាចយកបាន នោះប្រព័ន្ធការពាររបស់ United នឹងមិនខ្វះជើងលេងឡើយនៅរដូវកាលក្រោយ ហើយក៏នឹងរឹងមាំខ្លាំងដែរ ស្របពេលដែល Harry Maguire និង Luke Shaw ក៏ឃើញថាកំពុងធ្វើបានល្អផង ជាពិសេសនៅព្រឹត្តិការណ៍ Euro 2020 កន្លងទៅ៕
ប្រភព៖ BeSoccer