Sergio Ramos បាននិយាយក្រោយផ្ទេរមកក្លឹប Paris Saint-Germain ថាទំនាក់ទំនងរវាងខ្លួនជាមួយ Neymar Jr តាំងពីដើមមកមិនដែលល្អក់កករអ្វីទេ ដ្បិតបើអតីតកាលជាកីឡាករលេងឲ្យក្លឹបគូប្រជែងនឹងគ្នាក៏ដោយ។
ជាការពិត Ramos ធ្លាប់ជាអតីតប្រធានក្រុមនៅ Real Madrid ស្របពេលដែល Neymar ជាអតីតខ្សែប្រយុទ្ធនៅ Barcelona ចន្លោះឆ្នាំ ២០១៣ ដល់ ២០១៧។
ប្រាប់ L’Equipe កន្លងទៅនេះ ខ្សែការពារសញ្ជាតិអេស្ប៉ាញនិយាយ៖ “Neymar ក៏បានបញ្ចុះបញ្ចូលខ្ញុំដែរ មុនពេលចុះហត្ថលេខាមកលេងឲ្យ PSG និយាយទៅមុនផ្ទេរមកក្លឹបថ្មី គឺវាជារឿងល្អ ដែលយើងបានជជែកទៅកាន់កីឡាករមួយចំនួន ក៏ដូចជាលោក Leonardo ឬលោក Al-Khelaifi ដោយពួកគេសុទ្ធតែបានបញ្ចុះបញ្ចូលខ្ញុំ”។
លោកបន្តថា៖ “ខ្ញុំក៏បានទាក់ទងជាមួយ Neymar រយៈពេល ៦ ទៅ ៧ ឆ្នាំមកហើយ ដ្បិតបើទោះបីគេលេងឲ្យ Barca ហើយខ្ញុំលេងឲ្យ Madrid ក៏ដោយ និយាយទៅពួកយើងតែងតែមានទំនាក់ទំនងមិត្តភាពដ៏ល្អ”៕
ប្រភព៖ AF