បើទោះបីជា Olivier Giroud បានព្រមព្រៀងបន្តកុងត្រាថ្មីឈរជើងរយៈពេល ១ ឆ្នាំទៀតឲ្យក្លឹប Chelsea ក៏ដោយ យ៉ាងណាក្លឹប AC Milan នៅតែចាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធវ័យចំណាស់រូបនេះ ឲ្យទៅចូលរួមមុនបើករដូវកាលថ្មី ២០២១/២២។
តាមប្រភពពី Fabrizio Romano អ្នករាយការណ៍ឲ្យ Sky Sports បង្ហោះលើ Twitter ថា AC Milan កំពុងបន្តសកម្មខ្លាំងលើការចង់បាន Giroud ហើយការចរចាកំពុងស្ថិតក្នុងកិច្ចពិភាក្សា ដោយប៉ុន្មានម៉ោងបន្ទាប់ទៀតនេះ យើងអាចដឹងចម្លើយថា Chelsea ព្រមលក់គេចេញឬអត់ហើយ។
បញ្ជាក់ថា Giroud ទើបតែព្រមព្រៀងការបន្តកុងត្រាថ្មី ឈរជើងនៅ Stamford Bridge រយៈពេល ១ រដូវកាលទៀត កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២១ កន្លងទៅ ទាំងដែលគេដឹងថាគេនឹងមិនសូវបានលេងជាប់លាប់ឲ្យក្លឹបក៏ដោយនារដូវកាលក្រោយ។ ប្រសិនគេផ្ទេរទៅ AC Milan នោះអាចនឹងបានលេងញឹកញាប់ជាងនេះ ដើម្បីបង្ហាញសមត្ថភាពត្រៀមសម្រាប់ជួយបារាំងនៅ FIFA World Cup 2022។ ចំពោះហាងឆេងថ្លៃខ្លួន Milan អាចជាត្រូវចំណាយឲ្យក្លឹបអង់គ្លេសចន្លោះពី ៤-៧ លានអឺរ៉ូ៕
ប្រភព៖ Goal