Cristiano Ronaldo កំពុងមិនពេញចិត្តចំពោះអ្នកកាសែតអេស្ប៉ាញ ដែលតែងតែព្យាយាមយកខ្លួនទៅប្រៀបធៀប ជាមួយក្រុម Real Madrid ក្រោយពេលកីឡាកររូបនេះចាកចេញ។
ប្រភពស្និទ្ធនឹងខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំបានបញ្ជាក់ថា Ronaldo មិនសប្បាយចិត្តចំពោះការប្រៀបធៀបទេ។ រូបគេបានជួយក្រុម Real Madrid ឈ្នះពានជាច្រើន និងបង្កើតកំណត់ត្រារាប់មិនចង់អស់ ប៉ុន្តែបែរជាពេលនេះ អ្នកកាសែតព្យាយាមសរសេររឿងមិនល្អរបស់ខ្លួនក្រោយចាកចេញពីអេស្ប៉ាញទៅវិញ។ ម្ចាស់អាវលេខ៧ រូបនេះ មិនចង់បានអ្វីឡើយ ប៉ុន្តែគ្រាន់តែចង់ឃើញអ្នកកាសែតទាំងអស់ កុំប្រៀបធៀប ពេលមាននិងគ្មានខ្លួននៅ Real Madrid ទៀតអី ព្រោះវាជាអតីតកាលទៅហើយ។
ចំពោះរឿងអន់ចិត្តមិនបានពានរង្វាន់ UEFA Best Player of the Year វិញ Ronaldo ក៏បានផ្ញើសារទៅអបអរមិត្តរួមក្រុម Luka Modric រួចរាល់ហើយដែរ។ ដូច្នេះ មិនមានអ្វីដែលប្រែប្រួលឡើយ សម្រាប់ទំនាក់ទំនងរវាងអ្នកទាំងពីរ។ ដោយឡែក នៅថ្ងៃទី២៤ខាងមុខ ជាថ្ងៃប្រកាសពានរង្វាន់ FIFA Best Player of the Year រូបគេនឹងទៅចូលរួមជាក់ជាមិនខាន បើទោះជាភាគរយឈ្នះពានរង្វាន់នេះ បានទៅលើ Modric ច្រើនក៏ដោយ៕ប្រភពMarca