Gareth Bale ដែលធ្លាក់ចេញពីវគ្គ ១៦ ក្រុមជាមួយក្រុមជម្រើសជាតិវែល មួយរយៈចុងក្រោយហាក់លេចលឺចចាមអារ៉ាមឥតឈប់ ថាលោកប្រុងនឹងចូលនិវត្តនៅពេលដ៏ខ្លីខាងមុខ។
យ៉ាងណាតាមការបញ្ជាក់របស់សាមីខ្លួនផ្ទាល់ បានធ្វើការបដិសេធ ហើយថាលោកនឹងបន្តលេងឲ្យជម្រើសជាតិវែលដល់ថ្ងៃបញ្ចប់នៃអាជីពជាកីឡាករបាល់ទាត់។ បើតាមការចុះផ្សាយចុងក្រោយនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបរបស់ Real Madrid គឺបានសម្រេចចិត្តហើយ នោះគឺនឹងចូលនិវត្តពីក្លឹបមុន សឹមព្យួរស្បែកជើងនៅជម្រើសជាតិតាមក្រោយ។
Bale នឹងលេងឲ្យ Real Madrid ត្រឹមបញ្ចប់រដូវកាល ២០២១/២២ ខាងមុខ ពោលក្រោយអស់សុពលភាពកុងត្រាជាមួយអធិរាជស ហើយលោកនឹងបន្តរយៈពេលប៉ុន្មានខែទៀតនៅឯប្រទេសកាតា ដែលជាភារកិច្ចជួយជម្រើសជាតិលេង World Cup 2022 ប្រសិនណាវែលមានកៅអីឡើងទៅចូលរួមការប្រកួតជាផ្លូវការ។ នេះបើតាមប្រភពពី Mirror បានចុះផ្សាយ។
រំឭកថា សុពលភាពកុងត្រារបស់ Bale ជាមួយ Madrid ត្រូវផុតនៅថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ ខណៈព្រឹត្តិការណ៍ Qatar World Cup ប្រកួតចន្លោះពីថ្ងៃទី ២១ វិច្ឆិកា ដល់ ១៨ ធ្នូ ឆ្នាំ ២០២២៕
ប្រភព៖ Mirror