ទីបំផុតមួយក្នុងចំណោម ២ ក្រុមដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2020 យើងបានរកឃើញហើយ នោះគឺជាក្រុមជម្រើសជាតិអ៊ីតាលី ដែលពួកគេបានយកឈ្នះទៅលើអេស្ប៉ាញ ដោយការស៊ុតប៉េណាល់ទីថែមម៉ោង នៅលទ្ធផល ៤-២។
អ៊ីតាលីកំពុងរង់ចាំអុតមើលរវាងក្រុមដាណឺម៉ាក និងអង់គ្លេស ដែលមានមួយពួកគេត្រូវជួបនៅវគ្គបញ្ចប់នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ កក្កដា។ យ៉ាងណាសម្រាប់លោក Rio Ferdinand ដ្បិតការប្រកួតអង់គ្លេស-ដាណឺម៉ាក មិនទាន់ចាប់ផ្តើម តែលោកហាក់មានការជឿជាក់ទុកជាមុនថា អង់គ្លេសនឹងឡើង ហើយក៏នឹងយកឈ្នះអ៊ីតាលីថែមទៀត។
ប្រាប់ក្រោយចប់ប្រកួតអ៊ីតាលី-អេស្ប៉ាញ អតីតខ្សែការពារក្រុមជម្រើសជាតិនិយាយ៖ “ខ្ញុំមិនខ្វល់ថាក្រុមណាឡើងទេ តែខ្ញុំជឿលើអង់គ្លេសពេលនេះអាចផ្តួលក្រុមទាំង ២ នោះបាន ខ្ញុំមានអារម្មណ៍ថា យើងពេលនេះអស់គូប្រជែងហើយ អ្វីដែលខ្ញុំបានឃើញ គឺអង់គ្លេសក្លាយជាក្រុមដែលមានភាពល្អប្រសើរ ជាក្រុមល្អបំផុត ហើយអាចផ្ដួលតាំង [អ៊ីតាលីនិងអេស្ប៉ាញ] បាន”។
គួរបញ្ជាក់ថា អ៊ីតាលី និងដាណឺម៉ាកធ្លាប់ឈ្នះពាន Euro មួយលើកៗរួចមកហើយ នៅឡើយតែអង់គ្លេសដែលខកខានការឈ្នះពានរង្វាន់អន្តរជាតិបែបនេះ តាំងពីជំនាន់ FIFA World Cup ឆ្នាំ ១៩៦៦ មកម្ល៉េះ៕
ប្រភព៖ Metro