បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិ (CEO) ក្លឹប Sassuolo លោក Giovanni Carnevalli បានឲ្យដឹងថា ក្លឹប Arsenla ពិតជាបានដាក់សំណើលើការនាំយកកីឡាករ Manuel Locatelli ដោយពេលនេះរង់ចាំតែការចរចាលើកិច្ចព្រមព្រៀងប៉ុណ្ណោះ។
Lucatelli ជាខ្សែបម្រើរបស់ Sassuolo តែនៅ Euro 2020 គេហាក់បង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍ឲ្យជម្រើសជាតិអ៊ីតាលី និងត្រៀមជួយក្រុមប៉ះបែលហ្សិកនៅវគ្គ ៨ ក្រុមខាងមុខ។
ប្រាប់ Sky Sport Italia លោក Carnevali និយាយ៖ “Arsenal បានដាក់សំណើផ្លូវការសម្រាប់ Locatelli ពួកគេព្យាយាមលើការចង់បាននេះខ្លាំងណាស់ តែយើងនឹងរង់ចាំមើលទាំងអស់ ខណៈ ដែល Juventus ក៏ចង់បានគេដែរ ទាំងដែលយើងពិតជាមានទំនាក់ទំនងល្អជាមួយក្លឹបនោះ ហើយយើងក៏ត្រៀមពិភាក្សាជាមួយ Juve ដែរ”។
លោកបន្ត៖ “យើងពេលនេះស្ងប់ស្ងាត់សិន ដោយមិនទាន់និយាយទៅកាន់ Locatelli ឬភ្នាក់ងាររបស់គេទេ ព្រោះយើងក៏គិតអំពីបច្ចុប្បន្នភាពរបស់គេ ដែលលេងឲ្យអ៊ីតាលីបានយ៉ាងល្អនៅ Euro”។
គួរបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំជាអតីតកីឡាករបណ្តុះចេញពីក្លឹប AC Milan ហើយសរុបការបង្ហាញខ្លួនក្នុងអាជីព រាប់ទាំងជាមួយ Sassuolo គេបង្ហាញខ្លួន ១៩៥ ប្រកួត រកបាន ១៤ គ្រាប់និង Assist ១៤ លើក។ បច្ចុប្បន្នគេអាចមានតម្លៃខ្លួនប្រហែល ៣៥ លានអឺរ៉ូ៕
ប្រភព៖ Metro