ក្រោយចាញ់ ២-០ ក្រោមថ្វីជើងរបស់តោកំណាចអង់គ្លេស នៅឯកីឡដ្ឋាន Wembley នាវគ្គ ១៦ ក្រុម ទីបំផុតកីឡាករ Toni Kroos របស់ជម្រើសជាតិអាល្លឺម៉ង់ បានសម្រេចចិត្តព្យួរស្បែកជើងចូលនិវត្តហើយ ពោលនឹងបន្តផ្តោតតែលើការលេងឲ្យក្លឹប Real Madrid មួយគត់។ នេះបើតាមការចុះផ្សាយរបស់ Bild។
ប្រភពពុំបានទម្លាយមូលហេតុជាក់ច្បាស់ណាមួយនោះទេ ដែលសាមីខ្លួនសម្រេចចិត្តចូលនិវត្តត្រឹមអាយុ ៣១ ឆ្នាំបែបនេះ ខណៈដែលនៅឆ្នាំក្រោយ ២០២២ អាល្លឺម៉ង់ក៏ត្រូវទទួលភារកិច្ចធំមួយផ្សេងទៀតនៅព្រឹត្តិការណ៍ FIFA World Cup ផងដែរ តែនឹងមានការផ្លាស់ប្តូរគ្រូបង្វឹកពីលោក Joachim Low ទៅជាលោក Hansi Flick។
បញ្ជាក់ថា ខ្សែបម្រើ Kroos បង្ហាញខ្លួនលើកដំបូងឲ្យជម្រើសជាតិឈុតធំ នៅឆ្នាំ ២០១០ គិតមកទល់ពេលនេះ សរុប ១០៦ ប្រកួត រកបាន ១៧ គ្រាប់ឲ្យក្រុម ហើយធ្លាប់ឈ្នះពានរង្វាន់ធំ FIFA World Cup កាលពីឆ្នាំ ២០១៤៕
ប្រភព៖ ManagingMadrid