ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បរាជ័យក្នុងផ្ទះខ្លួនឯង ១-២ ក្រោមថ្វីជើងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងពានរង្វាន់ UEFA Nations League យប់មិញនេះ។
អង់គ្លេស ជាក្រុមដែលនាំមុខមុន នាការប្រកួតមួយនេះ ប៉ុន្តែគួរឱ្យសោកស្ដាយត្រូវអេស្ប៉ាញ វាយបកយកឈ្នះវិញបានភ្លាមៗ តែម្ដង នៅក្នុងតង់ទី១។
ខណៈដែលតង់ទី២នៃការប្រកួត គឺមិនមានអ្វីប្រែប្រួលឡើយ ដោយលទ្ធផលនៅតែរក្សា ១-២ រហូតដល់ចប់ការប្រកួតតែម្ដង បើទោះជាថែមដល់៩នាទីក៏ដោយ។
យ៉ាងណាមិញ គេសង្កេតឃើញថាប្រធានក្រុមអង់គ្លេស Harry Kane នៅមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាកណ្ដាលចំពោះ១គ្រាប់ចុងម៉ោងរបស់ Danny Welbeck។ ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖ “នៅពេលនោះ យើងត្រូវការអាជ្ញាកណ្ដាលដែលរឹងម៉ាំម្នាក់ ប៉ុន្តែចុងក្រោយគាត់បានសម្រេចចិត្តអីចឹង។ Danny គាត់ឈរនៅជំហររបស់គាត់ ដោយមិនមានបង្កកំហុសទៅលើ De Gea ទេ។
ខ្ញុំគិតថាយើងត្រូវបានស្មើនៅគ្រានោះ”៕ប្រភព៖ DailyMail