គ្រូ​ធំ Barcelona បង្ហើប​សារ​នេះ កាន់​តែ​ជាក់​ច្បាស់​ពី​អនាគត​របស់ Depay

អ្នកចាត់ការ​លោក Ronald Koeman នៅ​តែ​ផ្តល់​ចម្លើយ​វិជ្ជមាន តែ​សារ​នេះ​ហាក់​ច្បាស់​ជាង​មុន​បន្ថែម​ទៀត អំពី​អនាគត​របស់ Memphis Depay ដែល​កំពុង​មាន​មន្ទិល​សង្ស័យ​ក្រោយ​ត្រៀម​ផុត​កុងត្រា​ជាមួយ​នឹង​ក្លឹប Lyon។

គ្រូ​សញ្ជាតិ​ហូឡង់ បាន​ខកខាន​ការ​នាំ​យក Wijnaldum ដែល PSG ដណ្តើម​យក​មួយ​រួច​ទៅ​ហើយ ឥឡូវ Depay ក៏​មិន​ទាន់​ច្បាស់ ១០០ ភាគរយ​ដែរ តែ​លោក​បង្ហើប​ថា​មាន​ភ្លើង​ខៀវ​ច្រើន​ជាង​ភ្លើង​ក្រហម។

Koeman និយាយ៖ “Memphis [Depay] គេ​ប្រាប់​ខ្ញុំ​ខ្លះៗ​អំពី​អនាគត​របស់​គេ ហើយ​ខ្ញុំ​ក៏​អាច​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​បាន​ដែរ គ្រាន់​ថា​កិច្ច​ព្រមព្រៀង​នេះ​មិន​ទាន់​ចុះ​ហត្ថលេខា​សម្រេច​នៅ​ឡើយ តែ​វា​កៀក​នឹង​សម្រេច​ហើយ ​និយាយ​ទៅ​ខ្ញុំ​ចង់​បាន​គេ​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ បើ​មក​បាន​កាល​នោះ​គឺ​ល្អ​ណាស់​សម្រាប់​យើង”។

គួរ​បញ្ជាក់​ថា Depay កំពុង​ជាប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​ហូឡង់​ឯ​ណោះ ដែល​ត្រៀម​នឹង​ប្រកួត​ទល់​អូទ្រីស​នៅ​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​យប់​នេះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT