ការប្រកួតដ៏ស្វិតស្វាញរវាង Villarreal និង Man Utd នៅវគ្គផ្តាច់ព្រ័ត្រ Europa League ទីបំផុតបានរកឃើញក្រុមឈ្នះជើងឯកហើយ ដោយបានទៅលើក្រុមអេស្ប៉ាញ Villarreal ដែលយកឈ្នះ ១១-១០ នៅបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយស្មើ ១-១ ចប់ ៩០ នាទី។
ទៅមើលទិដ្ឋភាពដែល Villarreal ឈ្នះពាននេះជាលើកដំបូង ហាក់មានការសាទរខ្លាំង និងជាពិសេសគឺសំណាក់កីឡាករក្នុងក្រុម ដែលខ្លះវាទើបតែជាពានរង្វាន់លើកដំបូងក្នុងអាជីពរបស់ពួកគេតែប៉ុណ្ណោះ។
យ៉ាងណាមិញបើមកមើលអតីតខ្សែការពារស្លាប Alberto Moreno ក៏បានផ្ញើសារដ៏អស្ចារ្យមួយទៅកាន់អ្នកគាំទ្រ Liverpool ក្រោយពីក្រុមរបស់ខ្លួនយកឈ្នះ Man Utd ដែលជាគូប្រជែងរបស់ហង្សនៅ PL តាមរយៈពាក្យស្លោកដែលមានន័យជាភាសាខ្មែរ៖ “អ្នកនឹងមិនធ្វើដំណើរលើផ្លូវនោះតែម្នាក់ឯងទេ” ឬជាភាសាអង់គ្លេស៖ “You’ll Never Walk Alone”។
Moreno ដែលបានលេងឲ្យ Liverpool ចន្លោះឆ្នាំ ២០១៤ ដល់ ២០១៩ ចាយពេល ១៤១ ប្រកួត និងធ្លាប់ឈ្នះពាន Champions League នៅរដូវកាលចុងក្រោយ បានស្រែកក្នុងការផ្សាយផ្ទាល់មុខកាមេរ៉ានូវពាក្យ “You’ll Never Walk Alone” ជាច្រើនលើក។ ទៅមើលអតីតខ្សែបម្រើនៅហង្សលោក Lucas Leiva ក៏បានផ្ញើសារអបអរ Moreno ផងដែរនៅលើ Twitter៕
ទស្សនាវីដេអូខាងក្រោម៖
Alberto Moreno just gave an interesting shout out to Liverpool fans😂 pic.twitter.com/Qbsa33bmxz
— Issam (@BetterThanFigo) May 26, 2021