Real Madrid ​ចង់​ឱ្យ Bale ​នៅ​១​ឆ្នាំ​ទៀត ​មុន​ផ្ទេរ​ទៅ Man Utd

លោក Florentino Perez ​ប្រធាន​ក្លឹប​ Real Madrid ​ចង់​ឱ្យ Gareth Bale ​បន្ដ​នៅ​អេស្ប៉ាញ​១​រដូវ​កាល​ទៀត មុន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លឹប Manchester United ​ដែល​កំពុង​តាម​ទិញ​ឥត​ល្ហែ។

រដូវ​កាល​នេះ Bale ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​ពេញ​ចិត្ត​អ្នក​ចាត់ការ Zidane ​នៅ​ឡើយ​ទេ ​ដោយ​តែងតែ​អង្គុយ​កៅអី​បម្រុង​ជា​ញឹកញាប់​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​។ ទន្ទឹម​នឹង​នេះ​ហើយ បាន​ជា​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ទៅ ជា​ពិសេស​គឺ​បិសាច​ក្រហម Manchester United ​តែ​ម្ដង ដែល​តាម​ទិញ​តាំង​ពី​រដូវ​កាល​មុន​មក។ ការ​តាម​ទិញ​នោះ​ដែរ ​គឺ​ក្រុម​របស់​លោក Jose Mourinho ​នឹង​ផ្ដល់​តម្លៃ ឈ្នួល​ដល់​៣៥០ ០០០​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍​ទៅ​កីឡាករ​ពាក់​អាវ​លេខ​១១​នេះ។

ត្បិត​តែ​យ៉ាង​នេះ​មែន ​ប្រធាន​ក្លឹប​អធិរាជ​ស ​ហាក់​ដូចជា​មិន​ទាន់​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​រូប​នេះ ​ចាកចេញ​នៅ​ឡើយ​ទេ។ លោក​រំពឹង​ថា​រូប​គេ​នឹង​ស្នាក់​នៅ​ជាមួយ​បាន​១​រដូវកាល​ទៀត មុន​ពេល​សម្រេច​វាសនា​របស់​ខ្លួន។ ស្រប​ពេល​ដែល​កុងត្រា​ក៏​មិន​ទាន់​ផុត​នៅ​ឡើយ​ដែរ។

Bale ​អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​សំខាន់​នា​រាត្រី​នេះ ​បើ​ទោះ​ជា​ជើង​ទី​១​នៅ​ទឹក​ដី Bayern Munich ​រូប​គេ​មិន​ចូល​លេង​ក៏​ដោយ។ ការ​ផ្លាស់ប្ដូរ យុទ្ធសាស្ត្រ​សឹង​តែ​គ្រប់​ប្រកួត​នៅ​តំបន់​ប្រយុទ្ធ​នេះ ​ជា​ចំណុច​ពិសេស​មួយ​ដែល​ធ្វើ​ឱ្យ​ Real Madrid ​ជោគជ័យ​នៅ UEFA Champions League ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT