ក្រសួងអប់រំ យុវជន និងកីឡាស្នើឱ្យសហព័ន្ធកីឡាជាតិទាំងអស់ផ្តល់កម្មវិធីប្រកួតអន្តរជាតិ

ឯកឧត្តម ស សុខា​ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកកិច្ចការកីឡាបានស្នើសុំឱ្យសហព័ន្ធកីឡាជាតិនានា ផ្តល់កម្មវិធីប្រកួតអន្តរជាតិរបស់សហព័ន្ធជាតិនីមួយៗ សម្រាប់ឆ្នាំ២០២២ខាងមុខ ដោយបញ្ជូនមកនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

តាមរយៈលិខិតផ្លូវការ ដែលបានចេញកាលពីថ្ងៃ១កើត ខែពិសាខឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្តល់កម្មវិធីប្រកួតអន្តរជាតិ នៅកម្ពុជាជាមុនបែបនេះ គឺដើម្បីឱ្យក្រសួងអប់រំបានរៀបចំផែនការសកម្មភាព ផែនការថវិកា និងប្រតិទិនការងារសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអនុវត្តន៍បានប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។ នេះគឺដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួតជើងឯកលក្ខណៈអន្តរជាតិ ក្នុងគោលបំណងវាស់ស្ទង់គុណផលបច្ចេកទេសកីឡាករ កីឡាការិនី និងផ្តល់ឱកាសដល់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមបានអនុវត្តន៍ការប្រកួតផ្ទាល់ និងដើម្បីឱ្យទទួលបានបទពិសោធន៍ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះកម្រិតអន្តរជាតិ ឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

កន្លងមកប្រភេទកីឡាជាច្រើនរបស់កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះការប្រកួតលក្ខណៈអន្តរជាតិជាច្រើន ជាបន្តបន្ទាប់ ដូចជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កីឡា​តេក្វាន់ដូ ITF, ការប្រកួតជើងឯកកីឡាប៉េតង់ជើងឯកពិភពលោក, ជើងឯកពិភពលោកកីឡាវ៉ូវីណាមជាដើម។ ចំពោះគម្រោងនៃកាទទួលរៀបចំធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ និងការប្រកួតត្រៀមមុនស៊ីហ្គេម (Pre-SEA Games) គឺសហព័ន្ធកីឡាជាតិរបស់កម្ពុជា ភាគច្រើនបានបង្ហាញពីគម្រោងនៃការរៀបចំធ្វើជាម្ចាស់ផ្ទះកម្រិតអន្តរជាតិ ក្នុងកម្រិតអាស៊ីអាគ្នេយ៍នេះ ដើម្បីត្រៀមបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅ ក្រមផង រួមទាំងស្វែងរកនូវបទពិសោធន៍ នៃការរៀបចំប្រភេទកីឡានីមួយៗ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យផងដែរ។

ក្នុងនោះប្រភេទកីឡាដែលចាំបាច់ត្រូវតែទទួលរៀបចំធ្វើម្ចាស់ផ្ទះនោះ មានដូចជា ប្រភេទកីឡាប្រពៃណី អុកចត្រង្គខ្មែរ, ប្រដាល់គុនខ្មែរ, គុនល្បុក្កតោ, និងប្រភេទកីឡាជាច្រើនទៀត ដែលត្រៀមធ្វើស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងចន្លោះចំនួនពី៣២ទៅ៣៥ប្រភេទកីឡា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT