នៅក្នុងសកលលោកយើងនេះ បើរាប់ទាំងប្រភេទកីឡាតាមតំបន់ និងកីឡាដែលគេទទួលស្គាល់លើឆាកអន្តរជាតិ សរុបគឺមានប្រមាណ ៨ ០០០ ប្រភេទ។ នេះបើតាមគេហទំព័រ World Sports Encyclopedia បានចុះផ្សាយ។
ប៉ុន្តែវិស័យកីឡាដែលពេញនិយមគឺមានតែខ្ទង់ ២០០ ប្រភេទប៉ុណ្ណោះ ជាក់ស្តែងមានដូចជាកីឡាបាល់ទាត់, Cricket, វាយកូនបាល់ និងបាល់បោះជាដើម។ យ៉ាងណាក្នុងអត្ថបទនេះ CTS Sports សូមនាំអារម្មណ៍អ្នករាល់គ្នា ឲ្យបានស្គាល់នូវកីឡាដែលមានល្បឿនលឿនបំផុតចំនួន ៧ ហើយលេខ ១ មិនមែនជាការប្រណាំងរថយន្ត Formula 1 នោះឡើយ៖
៧) Base Jumping
កីឡានេះស្រដៀងនឹង Skydiving ដែរ ប៉ុន្តែ Base Jumping គឺជាការលោតពីទីតាំងជាក់លាក់ដែលមានកម្ពស់ខ្ពស់ តួយ៉ាងដូចជា ការលោតពីលើភ្នំ។ ល្បឿនអតិបរមានៃកីឡានេះធ្លាប់ឈានដល់ល្បឿន ២២៥ គ.ម/ម៉ ប៉ុន្តែវាត្រូវបានគេរាប់ចូលជាប្រភេទកីឡាប្រឈមគ្រោះថ្នាក់ខ្ពស់បំផុត ព្រោះកំឡុងពេលលោតទម្លាក់ខ្លួន គឺងាយនឹងប៉ះទង្គិចនូវរបស់ជាច្រើន។
៦) Pelota
កីឡា Pelota មានអាយុកាល ៣០០ ឆ្នាំមកហើយ ដោយវាធ្លាប់បង្កើតកំណត់ត្រាល្បឿនលឿនបំផុតគឺ ៣០២ គ.ម/ម៉។ ការលេងកីឡា Pelota គឺតម្រូវឲ្យអ្នកលេង ពាក់រ៉ាកែតរាងកោងនៅនឹងដៃ លើទីលានរាងការេ ហើយចាំវាយកូនបាល់ទៅមក។
៥) Badminton
Badminton ឬកីឡាវាយសី គឺជាប្រភេទកីឡាដែលទាមទារភាពរហ័សមួយនៅកំឡុងការប្រកួត។ ជាទូទៅអាចមានល្បឿនអតិបរមានៃគ្រាប់សីកើតឡើងដល់ទៅ ៣២១ គ.ម/ម៉ នៅការប្រកួតរវាងគូប្រជែងដែលស្ថិតនៅចម្ងាយពីគ្នាតែប៉ុន្មានម៉ែត្រ។
៤) Formula 1
ជាការប្រណាំងរថយន្ត ដែលទាមទារការបង្កើតសន្ទុះល្បឿនលឿន និងបច្ចេកទេសនៃការបើកនៅផ្លូវកោងបានល្អបំផុត។ កំឡុងពេលស្ថិតនៅផ្លូវកោង ការបើករថយន្ត Formula 1 អាចឈានដល់ល្បឿនអតិបរមា ២៩០ គ.ម/ម៉ ហើយលឿនបំផុតអាចឡើងដល់ ៣២៧ គ.ម/ម៉។
៣) Skydiving/Wingsuit
ក៏រាប់បានថាជាកីឡាដ៏គ្រោះថ្នាក់មួយ ព្រោះវាត្រូវទម្លាក់ខ្លួនពីទីខ្ពស់ ចុះមកខាងក្រោម។ ជាមធ្យមនៅរយៈកម្ពស់ ៣ ៦៥០ ម៉ែត្រពីដី កីឡាករអាចទម្លាក់ខ្លួនឈានដល់ល្បឿន ២៩០ គ.ម/ម៉ ហើយលឿនបំផុតអាចឈានដល់ ៣៩៦ គ.ម/ម៉។
២) Speed skiing
អ្នកដែលចូលចិត្តការជិះស្គីនៅល្បឿនលឿន មកទស្សនាប្រភេទកីឡាមួយនេះគឺត្រូវហើយ។ ល្បឿននៃការជិះទម្លាក់មកពីជម្រាលភ្នំលឿនបំផុត អាចឡើងដល់ ៤០០ គ.ម/ម៉ ដែលវាប្រហែលនឹងការដែលកំពុងបើកនូវរថយន្ត Bugatti Chiron នៅល្បឿនអតិបរមាមួយអ៊ីចឹងដែរ។
១) Drag racing
ខុសពីការប្រណាំងរថយន្ត Formula 1 ដោយ Drag racing គឺជាការបើកលើផ្លូវត្រង់ ហើយសំខាន់គឺស៊ីសងលើបច្ចេកទេសនៃការប្រើប្រាស់សន្ទុះល្បឿននៃរថយន្តឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។
កំណត់ត្រាល្បឿននៃកីឡា Drag racing ធ្លាប់ធ្វើបាននៅល្បឿន ៥៣៩ គ.ម/ម៉។ នេះលឿនជាងប្រភេទរថយន្តប្រើប្រាស់ទូទៅ ដែលលឿនជាងគេបំផុតក្នុងលោកថែមទៀត ដោយធៀបនឹងកំណត់ត្រានៃរថយន្ត SSC Tuatara អាចរត់បាន ៥៣២,៩៣ គ.ម/ម៉៕
ប្រភព៖ Blog.sponsor.me