ចង់​បំពាក់​បច្ចេកវិទ្យា Goal-line នៅ​កីឡដ្ឋាន​មួយៗ​ត្រូវ​ចំណាយ​ប៉ុន្មាន ហើយ​វា​ដំណើរការ​បែប​ណា​ខ្លះ?

​ក្រោយ​មាន​រឿង​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​គ្រាប់​បាល់​របស់ Cristiano Ronaldo ទល់​ក្រុម​ស៊ែប៊ី ដែល​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឲ្យ ក៏​ចាប់ផ្ដើម​មាន​មតិ​ជា​ច្រើន​បាន​កើត​មាន​ចម្ងល់​ថា ហេតុអ្វី​ក្នុង​ការ​ប្រកួត​នោះ​ពុំ​មាន​ការ​ប្រើប្រាស់​នៅ​ប្រព័ន្ធ VAR និង​បច្ចេកវិទ្យា Goal-line?

ជឿ​ថា​អ្នក​គាំទ្រ​បាល់ទាត់​ភាគ​ច្រើន ដឹង​ត្រឹម​ថា Goal-line Technology គឺ​ជា​បច្ចេកវិទ្យា​ដែល​គេ​ប្រើប្រាស់​សម្រាប់​ជំនួយ​ដល់​ការ​មើល​បាល់​ចូល​ទី​ឬ​អត់ ដែល​រាប់​ថា​ជា​ជំនួយការ​ពិសេស​មួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល ប៉ុន្តែ​អ្នក​មិន​ទាន់​បាន​ដឹង​ស៊ីជម្រៅ​នោះ​ទេ ​អំពី​ប្រព័ន្ធ​ដំណើរការ​របស់​វា ក៏​ដូច​ជា​តម្លៃ​ដែល​ក្លឹប​ឬ​ជម្រើស​ជាតិ​ត្រូវ​ចំណាយ​ទៅ​លើ​ការ​បំពាក់​ក្នុង​កីឡដ្ឋាន​នីមួយៗ។

ខាង​ក្រោម​ទំព័រ CTS Sports បង្ហាញ​រឿងរ៉ាវ ៤ ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី Goal-line Technology៖

១) ដើម​កំណើត


< វា​ត្រូវ​បាន​គេ​សម្គាល់​ជា​ឈ្មោះ​ម្យ៉ាង​ទៀត​ហៅ​ថា "Goal Decision System" ដែល​ក្រុម​ប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់ IFAB បាន​អនុម័ត​ដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​នេះ​ផ្លូវការ​នៅ​ខែ​កក្កដា ឆ្នាំ ២០១២។ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ខ្លាំង ក្រោយ​ពី​ចាប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៤ ហើយ​ជា​បន្តបន្ទាប់​មាន​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ២ ដែល​ទទួល​អាជ្ញាប័ណ្ណ​លើ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ខាង​លើ ដោយ​មួយ​ជា​ក្រុមហ៊ុន Hawk-Eye របស់​អង់គ្លេស និង GoalControl របស់​អាល្លឺម៉ង់។ ២) ដំណើរការ​របស់​វា

និយាយ​យ៉ាង​ខ្លី Goal-line Technology គឺ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​កំណត់​ជំនួស​ភ្នែក​មនុស្ស​ថា​តើ​បាល់​បាន​ឆ្លង​ផុត​ខ្សែ​គំនូស​បង្គោល​ទី ឬ​អត់ ហើយ​ទិន្នន័យ​ដែល​ទទួល​បាន​វា​នឹង​ធ្វើ​ការ​បញ្ជូន​ភ្លាមៗ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​វិនាទី ទៅ​ដល់​នាឡិកា​ដែល​អាជ្ញាកណ្ដាល​ពាក់​នៅ​លើ​ដៃ។ បញ្ជាក់​ថា​មាន​តែ​អាជ្ញាកណ្ដាល​ធំ​នៅ​ក្នុង​ការ​ប្រកួត​ប៉ុណ្ណោះ ដែល​មាន​សិទ្ធ​ទទួល​បាន​នៅ​សញ្ញា​បញ្ជូន​មួយ​នេះ ហើយ​អ្នក​ទស្សនា​អាច​មើល​ការ​ចាក់​ឡើង​វិញ​ពី​សកម្មភាព​បាល់​នោះ​ជា​ទម្រង់ 3D/4D ឬ​ក៏​អត់ ស៊ីសង​លើ​ការ​សម្រេច​ពី​គណៈ​គ្រប់គ្រង​ការ​ប្រកួត។​​

បើ​សួរ​ថា​ឲ្យ​ស៊ី​ជម្រៅ​ពី​ប្រព័ន្ធ​ដំណើរការ​ទាំង​មូល យើង​សូម​បកស្រាយ​ពី​ដំណើរការ​របស់​ក្រុមហ៊ុន GoalControl។ នោះ​គឺ​នៅ​ក្នុង​កីឡដ្ឋាន​មួយ មាន​បំពាក់​នៅ​កាមេរ៉ា High-speed ​ចំនួន ១៤ គ្រាប់ ដែលចែកតំបន់បង្គោលទីម្ខាងៗ​ ៧ គ្រាប់​ ផ្ដោត​ជា​ចម្បង​ទៅ​លើ​បាល់​ដែល​រត់​ចុះ​ឡើង​ពេញ​ទីលាន។ ​ក្រោយ​ទទួល​បាន​ទិន្នន័យ​ចេញ​ពី​កាមេរ៉ា​នីមួយៗ នោះ​វា​នឹង​បញ្ជូន​តាម​ខ្សែ​កាប​អុបទិក​ទៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មេ ដើម្បី​ធ្វើ​ការ​វិភាគ​និង​ផ្គូផ្គង​តាម​រយៈ​កូអរដោនេ X, Y និង Z ហើយ​ចេញ​ជា​ទិន្នន័យ​សម្រេច។

រូបភាព​ដែល​ផលិត​ចេញ​មក នឹង​បង្ហាញ​ជា​ទម្រង់ 4D ហើយ​នៅ​ពេល​ដែល​គណនា​ឃើញ​ថា បាល់​បាន​ឆ្លង​ផុត​ខ្សែ​គំនូស​បង្គោល​ទី​ឬ​អត់ ​នោះ​វា​នឹង​បញ្ជូន​សញ្ញា​ភ្លាមៗ ចេញ​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ទៅ​ចូល​នាឡិកា​ដៃ​របស់​អាជ្ញាកណ្ដាល​ដោយ​ស្វ័យប្រវត្តិ​ត្រឹម​រយៈ​ពេល​មិន​ដល់ ១ វិនាទី។

ក្រៅ​ពី​ការ​បំពាក់​នៅ​កាមេរ៉ា​តាម​ជ្រុង​នីមួយៗ​នៃ​កីឡដ្ឋាន ​និង​ការ​រត់​ខ្សែ​អុបទិក​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​មេ ជាង​នេះ​គឺ​មាន​បំពាក់​នៅ​ខ្សែ​បង្កប់​ក្រោម​ដី និង​ជុំវិញ​បង្គោល​ទី​មួយ​ផ្សេង​ទៀត ហើយ​សូម្បី​តែ​នៅ​ក្នុង​បាល់​ដែល​កីឡាករ​ទាត់​ចុះ​ឡើង​នោះ ក៏​មាន​បង្កប់ Sensor អេឡិចត្រូនិក ដើម្បី​អនុញ្ញាត​ឲ្យ​វា​អាច​មាន​អន្តរកម្ម​រវាង​គ្នា​ទៅ​មក​ផង​ដែរ។

៣) តម្លៃ​នៃ​ការ​បំពាក់​ Goal-line Technology

តាម​ទិន្នន័យ​តម្លៃ​របស់​ក្រុមហ៊ុន GoalControl និង Hawk-Eye សម្រាប់​ការ​បំពាក់​នៅ​បច្ចេកវិទ្យា​ខាង​លើ ក្នុង​មួយ​កីឡដ្ឋាន​គឺ​ត្រូវ​ចំណាយ​ថ្លៃ​ដំឡើង​សរុប​ចន្លោះ​ពី ២៩០ ០០០ ទៅ ៥៨០ ០០០ ដុល្លារ ហើយ​រៀងរាល់​ការ​ប្រកួត​គិត​ជា​មធ្យម​នៅ​ថ្លៃ​ថែទាំ​ផ្សេងៗ​គឺ​ចំណាយ​អស់ ៣ ៩០០ ដុល្លារ​ផ្សេង​ទៀត។

៤) ហេតុអ្វី FIFA មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ Goal-line Technology នៅ​វគ្គ​ជម្រុះ​បឋម?

ជា​សំណួរ​ចាក់ដោត​ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ដឹង ហេតុអ្វី​នៅ​វគ្គ​ជម្រុះ​បឋម ជាក់ស្តែង​ដូច​ជា​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​និង​ស៊ែប៊ី គ្មាន​ការ​បំពាក់​នៅ Goal-line Technology? ​ចម្លើយ​យ៉ាង​ខ្លី នោះ​គឺ​ដោយសារ​កីឡដ្ឋាន​នៃ​ក្រុម​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ទាំង​អស់ មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ ពោល​គឺ​កីឡដ្ឋាន​នៃ​ប្រទេស​ខ្លះ​មាន ប្រទេស​ខ្លះ​ពុំ​ទាន់​មាន ហេតុនេះ​ FIFA ក៏​សម្រេច​ជា​ឯកច្ឆន្ទ​និង​ស្មើភាព ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំង VARនិង Goal-line Technology នៅ​វគ្គ​នេះ​តែ​ម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT