រឿង​បាល់​ចូល​ទី​មិន​ឲ្យ​របស់ Ronaldo ចុង​ក្រោយ​បញ្ចប់​ត្រឹម​ពាក្យ “សុំទោស”

ព័រទុយហ្គាល់​ប៊ិះ​តែ​នឹង​អាច​យក​ឈ្នះ​ទៅ​លើ​ស៊ែប ​តាម​រយៈ​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Cristiano Ronaldo ប៉ុន្តែ​អាជ្ញាកណ្តាល​បែរ​ជា​មិន​ផ្តល់​ឲ្យ ដោយ​សម្រេច​ថា​ខ្សែ​ការពារ​អាច Clear បាល់​នោះ​ចេញ ហើយ​បាល់​មិន​ទាត់​ចូល​ផុត​ខ្សែ​បន្ទាត់​ឡើយ។

យ៉ាង​ណា CR7 ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ព័រទុយហ្គាល់ មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង ដោយ​ដល់​ថ្នាក់ Ronaldo ដើរ​ចេញ​ពី​ការ​ប្រកួត​មុន​បញ្ចប់​តង់​ទៀត​ផង។ ពុំ​មាន​ការ​តវ៉ា​អ្វី​នោះ​ទេ ដោយ​ចុង​ក្រោយ​បាន​ត្រឹម​ពាក្យ​សុំទោស​ពី​អាជ្ញាកណ្តាល​លើ​ទីលាន​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកចាត់ការ​លោក Fernando Santos។

ថ្លែង​លើ​ប៉ុស្តិ៍ RTP របស់​ព័រទុយហ្គាល់​លោក Santos និយាយ​ថា៖ “យើង​ពិត​ជា​បាន​រក​គ្រាប់​បាល់ នៅ​បាល់​មិន​ឲ្យ​នោះ​ពិត​មែន ដោយ​នៅ​កម្រិត​ប្រកួត​ផ្លូវការ​បែប​នេះ វា​មិន​សម​កើត​ឡើង​ការ​កាត់សេចក្តី​បែប​ហ្នឹង​ឡើយ”។

លោក​បន្ត៖ “អាជ្ញាកណ្តាល​បាន​ត្រឹម​មក​សុំ​ការ​អភ័យទោស​ពី​ខ្ញុំ ហើយ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​គាត់​ពិត​ជា​ខ្មាសអៀន​នឹង​ខ្លួន​ឯង​ខ្លាំង​ណាស់ នៅ​ក្នុង​បន្ទប់​ផ្លាស់សំលៀកបំពាក់​គាត់​បាន​សុំទោស​ខ្ញុំ តែ​ប៉ុណ្ណឹង​ឯង”។

“ពិត​មែន​ហើយ​អាជ្ញាកណ្តាល​ក៏​ជា​មនុស្ស​ដែរ ចេះ​បង្កើត​កំហុស​ដូច​គ្នា បែប​ហ្នឹង​ទើប​គេ​កំណត់​ឲ្យ​មាន VAR និង​បច្ចេកវិទ្យា Goal line ដើម្បី​បញ្ចៀស​នៅ​រឿង​នេះ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT