ទោះ​របួស Chiellini ហើយ Bonucci មិន​ប្រាកដប្រជា ក៏ Juve រំពឹង​អាច​ស៊ី Lazio ២-១ យប់​នេះ

នា​វេលា​ម៉ោង ០២:៤៥ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ៧ មិនា នៅ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​រវាង​ក្រុម Juventus ទល់ Lazio ដែល​ជា​ប្រកួត​ដ៏​ក្តៅ​គគុក​ប្រចាំ​សប្តាហ៍​នៅ Serie A។

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ក៏​សូម​ធ្វើ​ការ​បង្ហាញ​នូវ​ស្ថិតិ​ខ្លះៗ សមាសភាព​កីឡាករ ក៏​ដូច​ជា​គ្រាប់​បាល់​ទស្សន៍ទាយ​ដែល​អាច​នឹង​កើត​ឡើង។ នៅ ៥ ប្រកួត​ចុង​ក្រោយ​សម្រាប់ Juventus ជា​ក្រុម​ឈរ​លេខ ៤ ឈ្នះ ៣ ស្មើ ១ ចាញ់ ១ រី​ឯ Lazio ជា​ក្រុម​ឈរ​លេខ ៧ ឈ្នះ ៣ ចាញ់ ២។

ស្ថិតិ​នៃ​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ ធ្លាប់​កើត​មាន ១៧៦ លើក ខាង Juventus ឈ្នះ ៩១ លើក ស្មើ ៤១ លើក និង​ចាញ់ ៤៣ លើក។ លើក​ចុង​ក្រោយ​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​គឺ​ស្មើ ១-១ ដែល​ជា​ប្រកួត​ជើង​ទី ១ នៅ Serie A។

សម្រាប់​យប់​នេះ​ខាង​ Juventus អាច​អន់​ថយ​នៅ​តំបន់​ការពារ​បន្តិច ដោយ​ខ្សែ​ការពារ​សំខាន់ Giorgio Chiellini បាន​រង​របួស ហើយ​វត្តមាន Leonardo Bonucci និង Juan Cuadrado ក៏​មិន​ប្រាកដ​ប្រជា រី​ឯ​នៅ​តំបន់​បម្រើ​ទំនង​អវត្តមាន Paulo Dybala ឬ Arthur ថែម​ទៀត។

រី​ឯ Lazio វិញ គឺ​អវត្តមាន Manuel Lazzari ហើយ​ខ្សែ​ការពារ ២ រូប​ដ៏​សំខាន់​គឺ Luiz Felipe និង Stefan Radu ក៏​មិន​ទាន់​អាច​ចូលរួម​បាន​ដោយសារ​របួស។ និយាយ​ដោយ​សាមញ្ញ​ទៅ​ក្រុម​ទាំង​សង​ខាង​គឺ​អាច​លេង​មិន​ពេញ​ជើង​ដូច​គ្នា​នៅ​រាត្រី​នេះ។

សមាសភាព​ក្រុម​ទាំង ២ អាច​នឹង​កើត​ឡើង​ដូច​ខាង​ក្រោម៖

Juventus: Szczesny; Danilo, Demiral, De Ligt, Sandro; Chiesa, Ramsey, Rabiot, McKennie; Kulusevski, Ronaldo

Lazio: Reina; Patric, Parolo, Acerbi; Marusic, Milinkovic-Savic, Leiva, Alberto, Lulic; Correa, Immobile

ហេតុផល​ត្រួសៗ​ខាង​លើ​ហើយ នាំ​ឲ្យ​យើង​ហ៊ាន​រំពឹង​ទុក​ថា Juventus នឹង​ស៊ី Lazio ២-១ ឬ​មាន​ភាគរយ​អាច​កើត​ឡើង​នៅ​លទ្ធផល​ស្មើ ហើយ​ Lazio នឹង​អាច​គាស់​កំណត់ត្រា​ដែល​ខកខាន​កើត​មាន​នៅ​រដូវ​កាល ២០០៥/០៦ ពោល​ជា​ការ​តតាំង​ដោយ​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​ប្រកួត​នា​រដូវ​កាល​ទោល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT