ក្រុមខ្លាំង Bayern Munich បានយកឈ្នះទៅលើ Lazio ៤-១ នៅការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញ ដោយនេះជាប្រកួតនៅឯកីឡដ្ឋាន Stadio Olimpico ក្នុងប្រទេសអ៊ីតាលី។
ជាមួយជ័យជម្នះចំណេញគ្រាប់បាល់ក្រៅដីដល់ទៅ ៤ គ្រាប់នេះ អាចថាជួយឲ្យ Bayern មានសង្ឃឹមខ្ពស់ជាងគេក្នុងការឆ្ពោះទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។ មើលស្ថិតិប្រកួតក្រុមដឹកនាំដោយលោក Hansi Flick មានឱកាសគ្រប់គ្រងបាល់ ៥៧ ភាគរយ តែអត្រាបញ្ជូនបាល់ជោគជ័យមានខ្ពស់ដល់ ៩០ ភាគរយ អមជាមួយការស៊ុត ១៣ លើក ចំគោលដៅ ៧ លើកឯណោះ បើធៀបនឹង Lazio ដែលមានតែ ៥ លើកនៅការស៊ុតសរុប ១៤ លើក។
គ្រាប់បាល់បើកឆាកដំបូងកើតឡើងដោយ Robert Lewandowski នៅនាទី ៩ មុនពេល Jamal Musiala រកបាននៅនាទី ២៤ បន្ថែមមួយគ្រាប់ទៀត ហើយរហូតដល់នាទី ៤២ Bayern បើកការនាំមុខ ៣-០ ដោយការស៊ុតរបស់ Leroy Sane។ លុះចូលដល់តង់ទីពីរ Lazio បង្កកំហុសភ្លាត់បាល់ Own Goal ជួយឲ្យកើនដល់ ៤ គ្រាប់ តែរំលងពីរនាទីបន្ទាប់ Joaquin Correa របស់ក្រុមម្ចាស់ផ្ទះមានឱកាសតាមមួយគ្រាប់សង ហើយលទ្ធផលរក្សាដល់បញ្ចប់ការប្រកួត៕
ទស្សនាវីដេអូខាងក្រោម៖