ប្រចាំ​លីគ​កំពូល​ទាំង ៥ ឆ្នាំ ២០២១ មាន​តែ​ក្រុម ៤ នេះ​គត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់”

ការ​ប្រកួត​នៅ​លីគ​កំពូល​អឺរ៉ុប​នា​រដូវ​កាល ២០២០/២១ ត្រូវ​បាន​គេ​រាប់​ថា​ជា​រដូវ​កាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​គ្រប់​បណ្តា​លីគ​ទាំង​អស់​ ក្រុម​នីមួយៗ​សុទ្ធ​សឹង​តែ​តាម​ពិន្ទុ​ប្រកៀកប្រកិត​គ្នា​ឥត​ឈប់​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍។

​ពេល​ខ្លះ​ក្រុម​ខ្លាំង​មាន​លទ្ធភាព​អាច​យក​ឈ្នះ​ក្រុម​កម្រិត​មធ្យម ហើយ​ក្រុម​ខ្សោយ​បែរ​ជា​មក​អាច​សងសឹក​ជំនួស​ក្រុម​មធ្យម យក​ឈ្នះ​ក្រុម​ខ្លាំង​ទាំង​មិន​គួរ​ឲ្យ​ជឿ។

បើ​រាប់​តែ​រយៈ​ពេល ២ ខែ​កន្លង​មក​នេះ នៅ​ទំព័រ​ឆ្នាំ ២០២១ តើ​អ្នក​ដឹង​ទេ​ថា ក្រុម​ណា​មួយ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ហើយ​ទទួល​តែ​លទ្ធផល ឈ្នះ​និង​ស្មើ? ទំព័រ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​ក្រុម​ទាំង ៤ ដូច​ខាង​ក្រោម៖

ក្លឹប Manchester City នៅ​ក្របខ័ណ្ឌ Premier League

គិត​ត្រឹម​ជុំ​ទី ២៥ ក្រុម​មេឃ​ខៀវ Man City កំពុង​ឈរ​លេខ ១ នៅ​តារាង Premier League ដោយ​មាន ៥៩ ពិន្ទុ នាំ​មុខ​ក្រុម​លេខ ២ ដល់​ទៅ ១០ ពិន្ទុ។ សម្រាប់​ឆ្នាំ ២០២១ រាប់​តែ​ក្នុង​លីគ PL ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ឆ្លងកាត់​ការ​ប្រកួត​ចំនួន ១០ លើក​ហើយ ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង ១១ លើក។

ក្នុង​នោះ​មាន​ដូច​ជា​ជ័យជម្នះ​ទៅ​លើ Chelsea ៣-១ កាល​ពី​ដើម​ខែ​មករា ការ​យក​ឈ្នះ West Brom ៥-០ យក​ឈ្នះ Liverpool ៤-១ យក​ឈ្នះ Tottenham ៣-០ និង​ចុង​ក្រោយ​នេះ​ទើប​តែ​យក​ឈ្នះ Arsenal ១-០។ សម្រាប់ City ក៏​មាន​ភារកិច្ច​សំខាន់​នៅ​ពាន​រង្វាន់​អឺរ៉ុប ដោយ​ត្រៀម​ជួប Borussia Monchengladbach ជើង​ទី ១ UCL ដែល​នឹង​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ២៥ ​កុម្ភៈ នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ក្លឹប Barcelona នៅ​ក្របខ័ណ្ឌ La Liga

ត្បិត​បើ​លទ្ធផល​នៅ​រយៈ​ពេល​ចុង​ក្រោយ​រាង​រដាក់រដុប​បន្តិច​ក្តី ប៉ុន្តែ​សម្រាប់ Barcelona ក្នុង​ក្របខ័ណ្ឌ La Liga គឺ​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” នោះ​ទេ​នៅ​រយៈ​ពេល​ជាង ៥០ ​ថ្ងៃ​ចុង​ក្រោយ​នេះ។

បច្ចុប្បន្ន Barcelona ​កំពុង​ឈរ​លេខ ៣ មាន ៤៧ ពិន្ទុ​គិត​ត្រឹម​ជុំ​ទី ២៣ នៅ​ក្របខ័ណ្ឌ La Liga។ ពួក​គេ​ឆ្លងកាត់​ការ​ប្រកួត ៨ លើក ដោយ​មាន​ជ័យជម្នះ​ធំៗ​ដូច​ជា​ការ​យក​ឈ្នះ ៤-០ ទៅ​លើ Granada ការ​យក​ឈ្នះ ៥-១ ទៅ​លើ Alaves ហើយ​ទើប​តែ​ស្មើ​មួយ​លើក​នៅ​លទ្ធផល ១-១ ទល់ Cadiz កាល​ពី​ពេល​កន្លង​ទៅ។

ចន្លោះ​រយៈ​ពេល​ដូច​គ្នា​នោះ ក្រុម​ដឹកនាំ​ដោយ​លោក Ronald Koeman រមែង​ទទួល​បរាជ័យ​នៅ​ក្របខ័ណ្ឌ​ដទៃ​ទៀត​ដូច​ជា​ការ​ចាញ់ Athletic Club នៅ​ពាន Supercopa de Espana និង​ការ​ចាញ់ PSG ស្ពឹក​មុខ ៤-១ ក្នុង​ទឹកដី Camp Nou នៅ Champions League ជើង​ទី ១។

ក្លឹប Frankfurt ​នៅ​ក្របខ័ណ្ឌ Bundesliga

Frankfurt រដូវ​កាល​នេះ រាប់​ថា​ធ្វើ​បាន​ល្អ​គួរ​សម ដោយ​គិត​ត្រឹម​ជុំ​ទី​ ២២ ពួក​គេ​កំពុង​ឈរ​លេខ ៤ នៅ​តារាង Bundesliga ដោយ​មាន ៤២ ពិន្ទុ​ស្មើ Wolfsburg និង​ចាញ់ ៧ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Bayern Munich។

រាប់​ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ទល់​ពេល​នេះ Frankfurt ឆ្លង​កាត់ ៩ ប្រកួត ដោយ​មាន​ដូច​ជា​ជ័យជម្នះ​ទៅ​លើ Arminia ៥-១ យក​ឈ្នះ​ទៅ​លើ Hoffenheim ៣-១ និង​អ្វី​ដែល​អស្ចារ្យ​នោះ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Bayern Munich ២-១ កាល​ពី​ចុង​សប្តាហ៍។ ពួក​គេ​ធ្លាប់​ស្មើ​មួយ ដោយ​កាល​ប៉ះ SC Freiburg ២-២។

នៅ​រដូវ​កាល ២០២០/២១ ក្រុម​ដឹកនាំ​ដោយ​លោក Adi Hutter នៅ​សល់​តែ​ភារកិច្ច​ប្រជែង​ពាន​រង្វាន់ Bundesliga មួយ​គត់ ព្រោះ​នៅ DFB-Pokal ពួក​គេ​បាន​ធ្លាក់​ត្រឹម​ជុំ​ទី ២ ដែល​ចាញ់ Leverkusen ៤-១ កាល​ពី​ពាក់​កណ្តាល​ខែ​មករា។

ក្លឹប Monaco ​នៅ​ក្របខ័ណ្ឌ Ligue 1

អតីត​ក្លឹប​ចាស់​របស់ Kylian Mbappe ទើប​តែ​បាន​យក​ឈ្នះ​ទៅ​លើ PSG ដោយ​លទ្ធផល ២-០ កាល​ពី​យប់​មិញ ហើយ​នេះ​គឺ​ជា​ជ័យជម្នះ​លើក​ទី ៨ ហើយ​នៅ​ការ​ប្រកួត​ ៩ លើក​នា​រយៈ​ពេល​ជិត​ ២ ខែ​ចុង​ក្រោយ។ Monaco ស្មើ​តែ​ជាមួយ​ក្លឹប Lorient មួយ​គត់ ក្រៅ​ពី​នោះ​គឺ​យក​ឈ្នះ​បាន​ ៣ ពិន្ទុ​ទាំង​ស្រុង​ដោយ​មាន​ដូច​ជា​ការ​បំបាក់​ក្រុម​ខ្លាំង PSG, Montpellier និង Marseille ជា​ដើម។

គិត​ត្រឹម​ជុំ​ទី ២៦ Monaco មាន ៥២​ ពិន្ទុ​ចាញ់ PSG តែ ២ ពិន្ទុ​គត់ ហើយ​ចាញ់ ៦ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Lille៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT