អ្នក​កីឡាកាស​កំពូល​ទាំង ១០ រូប​នេះ មាន​ក្លឹប​បាល់ទាត់​ណា​មួយ​ក្នុង​បេះដូង?

ធ្លាប់​តែ​ឃើញ​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន WWE ចុះ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​កីឡាកាស​កំពូលៗ​ដូច​ជា​ John Cena, Sheamus និង Rey Mysterio ជា​ដើម បើ​ផ្សា​ភ្ជាប់​មក​ក្នុង​វិស័យ​កីឡា​បាល់ទាត់ តើ​ពួក​គេ​ជា​អ្នក​គាំទ្រ​ក្លឹប​ណា​មួយ?

ខាង​ក្រោម​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​ឈ្មោះ​ក្លឹប​ដែល​ស្ថិត​ក្នុង​បេះដូង ​របស់​អ្នក​កីឡាកាស​ទាំង ១០ រូប៖

១០) Daniel Bryan

បើ​និយាយ​ឈ្មោះ Bryan ប្រហែល​មិន​សូវ​មាន​អ្នក​ស្គាល់​ទេ តែ​បើ​ថា​ជា​អ្នក​កីឡាកាស​ដែល​រមែង​ស្រែក​ពាក្យ Yes Yes កំឡុង​ការ​បង្ហាញ​វត្តមាន​លើ​សង្វៀន​នោះ​ជឿ​ថា​អ្នក​ប្រាកដ​ជា​ស្គាល់។ គេ​ជា​អ្នក​គាំទ្រ​ក្លឹប​ស្ករ​គ្រាប់​ខៀវ Everton ដូច​ទៅ​នឹង​អតីត​គ្រូ​បង្វឹក​របស់​គេ​គឺ​លោក Robbie Brookside។

៩) Batista

Batista ជា​ ១ ​ក្នុង​ចំណោម​អ្នក​កីឡាកាស​កំពូល ៣ រូប ដែល​បាន​គាំទ្រ​ក្លឹប​ញញួរ West Ham United នៅ​ឯ​លីគ​កំពូល​អង់គ្លេស។ ជានិច្ចកាល​គេ​រមែង​ពាក់​ឈុត​ពណ៌​ឈាម​ជ្រូក​មួយ​នេះ និង​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​ដល់​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ផ្ទាល់​ទៀត​ផង។

៨) Steve Austin

បុរស​ជាប់​រហ័ស​នាម “Stone Cold” គឺ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​បាល់ទាត់ Bolton Wanderers ​ដែល​បច្ចុប្បន្ន​ក្លឹប​មួយ​នេះ​ស្ថិត​នៅ​លីគ​លំដាប់​ទី ៣ របស់​អង់គ្លេស។

៧) Sheamus

ម្ចាស់​ជើង​ឯក​ខ្សែ​ក្រវាត់ WWE Raw Tag Team ​ ៤ ជំនាន់ Sheamus គឺ​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ​មួយ​រូប​របស់ Liverpool ដែល​លោក​រមែង​បង្ហាញ​វត្តមាន​នៅ​ឯ​កីឡដ្ឋាន Anfield កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​និយាយ​ថា អ្នកចាត់ការ​លោក Jurgen Klopp គួរ​តែ​ផ្តល់​ឱកាស​ប្រសិន​ជា​អាច ដោយ​ឲ្យ Sheamus មក​ចូលរួម​នៅ​តំណែង​ជា​ខ្សែ​ការពារ នោះ​ប្រាកដ​ជា​មិន​ងាយ​មាន​កីឡាករ​ណា​អាច​រត់​រំលង​បុរស​រូប​នេះ​បាន​ឡើយ។

៦) Drew McIntyre

ជា​អ្នក​កីឡាកាស​អង់គ្លេស​ទី​មួយ​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់ WWE ហើយ​បង្វែរ​មក​ក្នុង​វិស័យ​បាល់ទាត់ McIntyre គឺ​ជា​អ្នក​គាំទ្រ​ក្លឹប Rangers។ បច្ចុប្បន្ន Rangers ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Steven Gerrad ហើយ​រំពឹង​នឹង​អាច​លើក​ពាន​លីគ​កំពូល​ស្កុតឡែន​រដូវ​កាល​នេះ។

៥) Rey Mysterio

ម្ចាស់​ជើង​ឯក​ខ្សែ​ក្រវាត់ Royal Rumble ឆ្នាំ ២០០៦ និង​ជា​អ្នក​កីឡាកាស​ដែល​មាន​រហ័សនាម 619 ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់​ Real Madrid។ ប៉ុន្តែ​ក៏​ធ្លាប់​ប្រទះ​ឃើញ​គេ​ក្នុង​រូបភាព​ពាក់​អាវ​ក្លឹប Man Utd ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ បែប​នេះ​អាច​ថា​មាន​ក្លឹប ២ ក្នុង​ដួងចិត្ត។

៤) Triple H

Triple H ​គឺ​ជា​អ្នក​គាំទ្រ​ដុះស្លែ​ម្នាក់​របស់​ក្លឹប West Ham United ហើយ​គេ​ធ្លាប់​បាន​បង្ហោះ​សារ​និង​វីដេអូ​ផ្ញើ​លើក​ទឹក​ចិត្ត​ក្រុម​ញញួរ​ជា​រឿយៗ។ ជាក់ស្ដែង​កន្លង​ទៅ​នេះ ធ្លាប់​បាន​សរសើរ​ដល់​កីឡាករ Declanc Rice ដែល​ថា​គេ​អាច​មាន​ឱកាស​ក្លាយ​ជា​វីរបុរស​ឆ្នើម​មួយ​រូប​នៅ Premier League។

៣) Shawn Michaels

នរណា​ខ្លះ​នៅ​ចាំ​ស្ទាយ​រន្ទះ​ជើង​អង្រួន​សង្វៀន​របស់ Shawn Michaels? កាល​ពី​អតីតកាល​គេ​ក៏​ធ្លាប់​ចាប់ដៃ​គូ​ជាមួយ Triple H ដែល​ជាប់​រហស្សនាម​ជា D-X ផង​ដែរ។ បុរស​វ័យ ៥៥ ឆ្នាំ​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​គាំទ្រ​របស់​ក្លឹប​បាល់ទាត់ BlackBurn Rovers។

២) The Rock

Dwayne Johnson ឬ​ជាប់​រហស្សនាម The Rock ​បាន​រំលេច​ពី​ក្លឹប​បាល់ទាត់​ក្នុង​ដួងចិត្ត​របស់​លោក នៅ​ពេល​ដែល​ទៅ​ចូលរួម​កម្មវិធី​សប្បុរសធម៌​មួយ​ ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុម​បាល់ទាត់ Man Utd និង​អង្គការ UNICEF ហើយ​លោក​ក៏​បាន​ពាក់​អាវ​របស់​របស់​បិសាច​ក្រហម​ពេល​នោះ​ផង​ដែរ។

១) John Cena

“You Can’t See Me នេះ​ជា​ពាក្យ​ដែល​អ្នក​គាំទ្រ​របស់ John Cena ចាំ​មិន​ភ្លេច ហើយ​អ្នក​ប្រាកដ​ជា​ភ្ញាក់ផ្អើល ព្រោះ​លោក​ពុំ​មែន​ជា​អ្នក​គាំទ្រ​ក្លឹប​យក្ស Real Madrid ឬ Man Utd នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប Tottenham Hotspur។ កាល​ពី​ឆ្នាំ ២០០៨ Cena ធ្លាប់​លេច​មុខ នៅ​ការ​បង្ហាញ​វត្តមាន​ក្នុង​កីឡដ្ឋាន​របស់ Spurs ហើយ​ទទួល​បាន​អាវ​លេខ ៥៤ ពី​អតីត​អ្នកចាត់ការ​លោក Gerry Franncis៕

ប្រភព៖ 90min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT