អ្នកចាត់ការទូទៅក្រុម Man United លោក Mourinho សង្ឃឹមជួបជាមួយលោក Wenger ម្តងទៀតបន្ទាប់ពី Arsenal រងបរាជ័យ

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United សង្ឃឹមថា លោកទទួលបានឱកាសក្នុងការជួបជាមួយនឹងលោក Arsene Wenger ម្តងទៀត ក្រោយពីការធ្វើដំណើរទៅប្រកួតនៅលើទឹកដី Old Trafford ជាលើកចុងក្រោយក្នុងនាមជាអ្នកចាត់ការទូទៅនៃក្រុមរបស់ Arsenal បានបញ្ចប់ទាំងការបរាជ័យក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ។

លោក Wenger ត្រូវបានស្វាគមន៍ដោយអតីតគ្រូបង្វឹករបស់ក្រុម Man United លោក Alex Ferguson និងលោក Mourinho នៅមុនពេលចាប់ផ្តើមការប្រកួត ហើយគ្រូបង្វឹករូបនេះ ក៏ទទួលបានកាដូរជាអនុស្សាវរីយ៍ផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Wenger មិនទទួលបានអ្វីៗសោះបើនិយាយពីពិន្ទុវិញ ខណៈដែលការបរាជ័យ បានធ្វើឲ្យក្រុមឈរលេខ៦ Arsenal ធ្លាក់ចេញពីការប្រជែងយកចំណាត់ថ្នាក់លេខ៤។

ខ្សែបម្រើស្លាប Marouane Fellaini បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ក្រោយពីការរកគ្រាប់បាល់នៅតង់ទី២ របស់ខ្សែបម្រើ Henrikh Mkhitaryan នៅពេលប្រកួតជាមួយនឹងអតីតក្លិបរបស់គេ បានលុបចោលគ្រាប់បាល់បើកឆាកនៅដើមតង់របស់ Paul Pogba។ លោក Mourinho ធ្លាប់មានប្រវត្តិឈ្លោះគ្នាដោយពាក្យសម្តីជាមួយនឹងលោក Wenger ដោយភាគច្រើនលោកបានចាត់ទុកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះថា «ជាអ្នកជំនាញម្នាក់ខាងបរាជ័យ» សម្រាប់ការអសមត្ថភាពរបស់លោកក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League ចាប់តាំងរដូវកាលឆ្នាំ២០០៣-២០០៤។

ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានឲ្យដឹងថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំអាចលេងជាមួយនឹងគាត់ម្តងទៀត។ ខ្ញុំសង្ឃឹមថា វាអាចកើតឡើងម្តងទៀត។ ប្រសិនបើមិនស្ថិតក្នុងក្របខ័ណ្ឌ Premier League មិនមាននរណាដឹង យើងអាចមានការប្រកួតដ៏ធំមួយនៅកន្លែងផ្សេងបានឡើយ»?៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT