ឈប់​ទៅ ព្រោះ​ឈឺ​ឆ្អែត​ហើយ! Barcelona ជួប​រឿង​ឈឺចាប់ ៨ លើក​ផ្ទួន​គ្នា​នៅ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ

កាល​ពី​មួយ​រយៈ​មុន​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ រមែង​ផ្កែផ្កា​ឌឺដង​ទៅ​លើ​ក្រុម​បិសាច​ក្រហម Man Utd ដែល​ពួក​គេ​ធ្លាក់​ទម្រង់​លេង​ខ្លាំង ហើយ​ទើប​តែ​ងើប​មក​វិញ​នៅ​ពេល​ចុង​ក្រោយ។ យ៉ាងណាមិញ​មក​ទល់​ពេល​នេះ គ្រប់​យ៉ាង​ហាក់​មាន​ការ​ផ្លាស់ប្ដូរ ដោយ​ក្រុម​គោលដៅ​ដែល​អ្នក​រាល់​គ្នា​កំពុង​រង់ចាំ​មើល មិនមែនបិសាចក្រហមទៀតទេ ផ្ទុយទៅវិញនោះ​គឺ​ជោគវាសនា​របស់​ក្លឹប Barcelona។

មាន​តែ​អ្នក​គាំទ្រ​កាន់​ឆ្នាំ​របស់ Barcelona ផ្ទាល់​ ដូច​ជា Admin ជីវ័ន្ត ទើប​យល់​អារម្មណ៍​ឈឺចាប់​មួយ​នេះ ក្នុង​ការ​ដែល​ឃើញ​ក្រុម​ដែល​ខ្លួន​ស្រលាញ់គាំទ្រ​ បន្ត​ជួប​រឿង​អាក្រក់​ពី​មួយ​ខែ​ទៅ​មួយ​ខែ ហើយ​សឹង​តែ​ដល់​ថ្នាក់​គេ​បាញ់​លែង​ឈឺ ព្រោះ​ការ​ឈឺចាប់​មួយ​នេះ​វា​សឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

រាប់​ចាប់​ពី​ខែ​កក្កដា ឆ្នាំ ២០២០ តើ​អ្នក​បាន​ដឹង​ទេ​ថា ក្រុម​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់ បាន​ជួប​រឿង​គួរ​ឲ្យ​ឈឺចាប់​ ៨ លើក​ផ្ទួន​គ្នា​ ហើយនៅតែ​បន្ត​កើត​ឡើង​មក​ទល់​ពេល​បច្ចុប្បន្ន៖

៨) របូត​ពាន La Liga ​ឲ្យទៅ Real Madrid

ក្នុង​ក្របខ័ណ្ឌ La Liga កាល​ពី​រដូវ​កាល​មុន Barcelona បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី ២ ដោយ​ចាញ់​ ៥ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈ្នះ​ជើង​ឯក Real Madrid ដែល​មាន ៨៧ ពិន្ទុ។ អ្វីដែលខកចិត្តបំផុតនោះ គឺនៅរដូវកាល ២០១៩/២០ អ្នកមានបុណ្យមិនបានស្គាល់រសជាតិកាន់ពានសូម្បីតែមួយ។

៧) ធ្លាក់​ក្នុង​ប្រវត្តិសាស្ត្រ​ចាញ់​ស្ពឹក​មុខ ៨-២

នៅ​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ Champions League រដូវ​កាល​មុន ដែល​កាល​នោះ​លេង​តែ​មួយ​ជើង អ្នក​មាន​បុណ្យ​ Barcelona បាន​ចាញ់​ស្ពឹក​មុខ​នៅ​លទ្ធផល ២-៨ ទល់​ក្លឹប Bayern Munich។ ជាមួយ​តួ​លេខ ៨-២ នៃ​លទ្ធផល​នេះ​ហើយ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Barcelona រមែង​ទទួល​ពាក្យ​ផ្លែផ្កា​ពី​អ្នក​គាំទ្រ​ក្រុម​គូ​ប្រជែង​ផ្សេង​ទៀត​ជា​រឿយៗ​មក​ទល់​សព្វថ្ងៃ។

បញ្ជាក់​ថា​ការ​ចាញ់ ៨-២ នៅ UCL វា​ជា​លើក​ទី ១ សម្រាប់ Barcelona តែ​វា​ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប ព្រោះ​ធ្លាប់​ចាញ់ Real Madrid កាល​ពី​ឆ្នាំ ១៩៣៥ ហើយ​បរាជ័យ​ធំ​បំផុត​គឺ​ចាញ់ Sevilla ១១-១ នៅ La Liga ឆ្នាំ ១៩៤០។

៦) Messi មាន​ចិត្ត​ចង់​ចាកចេញ

ក្រោយ​ឃើញ​ស្ថានការណ៍​របស់​ក្រុម Barcelona ​កាន់​តែ​ដុន.ដាប និង​ពិបាក​ក្នុង​ការ​ស្រោចស្រង់​មក​វិញ ក៏​នាំ​ឲ្យ​តារា​ឆ្នើម​ដែល​សេសសល់​កុងត្រា​រយៈ​ពេល​មួយ​រដូវ​កាល​គិត​ចង់​ចាកចេញ ហើយ​មាន​ទ្រនំ ២ ដែល​ជា​ក្លឹប​បន្ទាប់​ដោយ​អាច​ជា Man City ឬ Paris Saint-Germain។

៥) ការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​ខកខាន​កើត​មាន​រយៈ​ពេល ៣២ ឆ្នាំ

នៅ​ខែ​ធ្នូ ចុង​ឆ្នាំ ២០២០ ក្រុម​ដឹកនាំ​ដោយ​លោក Ronald Koeman បាន​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​ដែល​មាន​អាយុ​កាល​ ៣២ ឆ្នាំ នោះ​គឺ​ការ​ចាប់​ផ្តើម​រដូវ​កាល​នៅ ១០ ជុំ​ដំបូង ទទួល​បាន​ត្រឹម​តែ ១៤ ពិន្ទុ។

៤) របូត​ពាន Supercopa de Espana

ថា​ឆ្លង​ចូល​ឆ្នាំ​ថ្មី ២០២១ ទៅ​ហេង តែ​នេះ​មាន​ឯ​ណា Barcelona នៅ​តែ​បន្ត​ទទួល​រង​បរាជ័យ​បណ្តាក់​គ្នា ហើយ​សូម្បី​តែ​ពាន Super Cup ​នៅ​ប្រទេស​អេស្ប៉ាញ ក៏​ក្រុម​​មិន​អាច​យក​បាន​ដែរ។ កាល​ពី​ថ្ងៃ​ទី ១៨ មករា Barcelona បាន​ចាញ់ ២-៣ ក្រោម​ថ្វី​ជើង​របស់ Athletic Bilbao ហើយ​វា​ក៏​ជា​ប្រកួត​ដំបូង​ដែល Lionel Messi ទទួល​រង​ពិន័យ​កាត​ក្រហម​នៅ​ក្លឹប​។

៣) Barcelona ជាប់​ប្រាក់​បំណុល​ជាង ១ ពាន់​លាន​អឺរ៉ូ

រឿងរ៉ាវ​មិន​ទាន់​ចប់​នោះ​ទេ ដោយ​កាល​ពី​ចុង​ខែ​មករា Barcelona បាន​ប្រកាស​នូវ​របាយការណ៍​ហិរញ្ញវត្ថុ ហើយ​ជា​លទ្ធផល​យើង​ឃើញ​ថា ក្រុម​ដែល​មិន​ទាន់​មាន​ប្រធាន​ក្លឹប​ឈរ​ជើង​មួយ​នេះ​បាន​កំពុង​ជាប់​ប្រាក់បំណុល​ដល់​ទៅ​ជាង ១ ពាន់​លាន​អឺរ៉ូ ដោយ​រាប់​ទាំង​រដូវ​កាល ២០១៩/២០ ដែល​មាន​ការ​ខាតបង់​ធំ​ជិត ៥០០ លាន​អឺរ៉ូ​ឯ​ណោះ។

២) ក្តី​សង្ឃឹម​ប្រជែង​ពាន La Liga មាន​ភាគរយ​ទាប

នេះ​អាច​ជា​រដូវ​កាល​ដែល Barcelona មិន​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​ទៀត​ហើយ ដោយ​នៅ​ការ​ប្រកួត​ក្នុង​ស្រុក​មាន​ពាន La Liga ដែល​ជា​ពាន​ធំ គឺ​ក្រុម​នៅ​ចាញ់​គម្លាត​ពិន្ទុ​ក្រុម​កំពូល​តារាង Atletico Madrid ដល់​ទៅ ៨ ពិន្ទុ ទាំង​ដែល At នៅ​សល់ ១ ប្រកួត​ក្នុង​ដៃ​ថែម​ទៀត។

១) ចាញ់ PSG ក្នុង​ទឹកដី​ខ្លួន​ឯង ៤-១

នេះ​ជា​ការ​ប្រកួត​កាល​ពី​យប់​មិញ ដែល​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports ហើយ​យើង​ឃើញ​ថា Barcelona បាន​បន្ត​ភាព​អាម៉ាស់​ដោយ​លេង​ចាញ់ PSG ទាំង​គ្មាន​វត្តមាន​ Neymar នៅ​លទ្ធផល ៤-១។ វា​ពិត​ជា​ពិបាក​សម្រាប់ Barcelona ក្នុង​ការ​បង្កើត​អាភិនិហា​នៅ​ជើង​ទី ២ ដែល​ត្រូវ​យក​ឈ្នះ​ដាច់​ឲ្យ​បាន ៤ គ្រាប់​យ៉ាង​តូច តែ​យើង​ក៏​សង្ឃឹម​ថា អ្នក​មាន​បុណ្យ​អាច​ធ្វើ​បាន ដូច​កាល​ពី ៤ រដូវ​កាល​មុន​ គ្រា​វាយបក ៦-១​ លើ PSG ទៅ​ចុះ។

ជា​ចុង​ក្រោយ​តើ​អ្នក​មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​អ្វី​ខ្លះ ​សម្រាប់ Barcelona ​ក៏​ដូច​ជា​អ្នក​គាំទ្រ​កម្សត់ Admin ជីវ័ន្ត ​ដើម្បី​អាចគាំទ្រ​ក្រុម​មួយ​នេះ​បន្ត​ទៅ​ទៀត?​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT